(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អំឡុងពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជាមានមហិច្ឆតាចង់ឲ្យមានលេខាធិការដ្ឋាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មួយ នៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២ ថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ យើងមានមហិច្ឆតាមួយ ចង់ក្លាយជាលេខាធិការ RCEP មួយនៅភ្នំពេញ ដែលមានប្រទេស១៥ គឺសមាជិកអាស៊ាន និងដៃគូ ៥ទៀត រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី និងណូវែលហ្សេឡង់»

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អំឡុងពេលរៀបចំកិច្ចប្រជុំក្របខណ្ឌអាស៊ាននេះ ពេលជួបទ្វេភាគីជាមួយបណ្តាប្រមុខការទូតនានា ដែលមកប្រជុំ នៅរាជធានីភ្នំពេញ សម្តេចបានស្នើដល់ពួកគាត់ ជួយគាំទ្រគំនិតផ្តួចផ្តើម បង្កើតលេខាធិការដ្ឋាន RCEP នៅភ្នំពេញផងដែរ។

សូមជម្រាបថា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាន RCEP នេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេចសម្រាប់លេខាធិការដ្ឋាននេះ នៅរាជធានីភ្នំពេញ ហើយបាន និងកំពុងរៀបចំគម្រោងសំណើលម្អិតទៀតផង។ សម្តេចសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀង RCEP នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា បន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។

RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕