(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ បានថ្លែងពន្យល់ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជាថា ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះចន្លោះ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជាតិ ការពារភាពជាប់គាំងរបស់រាជរដ្ឋាភិបាល។

ជាមួយនឹងការពន្យល់នូវចំណុចសំខាន់ៗមួយចំនួននៃមាត្រា ដែលវិសោធនកម្មរដ្ឋធម្មនុញ្ញនោះ សម្តេចតេជោ ហ៊ុន សែន បានក៏បានឆ្លើយតបផងដែរ ចំពោះការរិះគន់របស់ក្រុមប្រឆាំងរត់ចោលស្រុក ដែលរិះគន់ថាការដែលរាជរដ្ឋាភិបាល ស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីជាការរៀបចំការឲ្យកូនបន្តវេនគ្រប់គ្រងអំណាច, សម្តេចឆ្លើយតបទៅវិញថា សម្តេចមិនមែនខំបណ្តុះបណ្តាលកូន សម្រាប់ធ្វើមេចោរទេ ច្បាស់គឺត្រូវធ្វើជាអ្នកបន្តវេន។ អ្នកបន្តវេន គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដែលជាថ្ងៃខួបកំណើតរបស់សម្តេច។

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យកូនរបស់អ្នករិះគន់សម្តេច ចូលរួមប្រកួតប្រជែងផងដែរ ហើយកន្លងមក សម្តេចតែងតែសរសើរកូនៗរបស់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន ចាក់ទុកអ្នកវាយប្រហារលើកូនរបស់សម្តេច ដែលគេដឹងថា ជាទណ្ឌិត សម រង្ស៉ី នោះថាជាមនុស្សចាស់អន់ មនុស្សយ៉ាប់ ខ្លួនជាមនុស្សចាស់តែទៅរករឿងក្មេង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងកែរដ្ឋធម្មនុញ្ញនេះដើម្បីកុំឲ្យគាំង វាជាឧត្តមផលប្រយោជន៍ជាតិ តែមានគេពោលពាក្យថា ជាពិធីស្នងត្រកូលរបស់ ហ៊ុន សែន ខ្ញុំក៏សុំបញ្ជាក់ត្រឡប់ទៅវិញ ខ្ញុំមិនបណ្តុះបណ្តាលកូនឲ្យធ្វើមេចោរទេ ខ្ញុំស្វាគមន៍កូនរបស់អ្នកឯងចូលរួម ខ្ញុំលើកទឹកកូនអ្នកឯង ខ្ញុំសរសើរកូនអ្នកឯង ត្រង់អ្នកឯងវាយកូនខ្ញុំរឿងរបស់អ្នកឯង វាអន់ណាស់អាមនុស្សចាស់ទាស់ជាមួយកូនក្មេង វាយ៉ាប់ពេក។ ខ្ញុំមិនគួរយកពេលវេលាថ្ងៃកំណើតរបស់ខ្ញុំមកនិយាយរឿងនេះទេ ប៉ុន្តែខ្ញុំគួរតែត្រូវបកស្រាយអំពីការកែរដ្ឋធម្មនុញ្ញនេះ»

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាល មានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ៕