(ភ្នំពេញ)៖ មេសហជីពធំៗចំនួន២ទៀតនៅប្រទេសកម្ពុជា គឺមួយលោក សោម អូន ដែលគ្របដណ្តប់លើស​ហភាពចំនួន៤ធំៗ អមដោយសហព័ន្ធសហជីព និងសមាគមចំនួន៣៥ទៀត ហើយមានសមាជិក សមាជិកាជាង៣៥ម៉ឺននាក់ និងមួយទៀត គឺលោក សាត់ ឈាងហួ មានសមាជិកជាង៥ម៉ឺននាក់នៅទូទាំងប្រទេសនោះ បានចេញមកថ្កោលទោស និងប្រឆាំងយ៉ាងដាច់ខាត ចំពោះការអំពាវនាវអូសទាញកម្មករទាំងខុសច្បាប់ ដើម្បីប្រឆាំង និងត្រៀមធ្វើកូដកម្ម របស់លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

ប្រធានសភាសម្ព័ន្ធសហជីជាតិកម្ពុជា ហៅកាត់ថា NACC លោក សោម អូន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយបានសម្ដែងនូវការស្ដោកស្ដាយយ៉ាងខ្លាំង ចំពោះប្រធានសហជីពសេរីកម្មករ ដែលបានចេញលក្ខណៈញុះញុងឱ្យកម្មករត្រៀមធ្វើកូដកម្ម ប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា ដែលកំពុងប្រព្រឹត្តបទល្មើសបទ​ល្មើសព្រហ្មទណ្ឌ​តាមផ្លូវ​តុលាការ។

តាមរយៈសេចក្ដីថ្លែងការណ៍របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃដដែលនេះ បានយល់ឃើញថា បញ្ហារបស់លោក កឹម សុខា គឺជាករណី​សំណុំរឿងព្រហ្មទណ្ឌទាក់ទងទៅ នឹងបទល្មើសបដិសេធក្នុងការចូលខ្លូនក្នុងនាមជាសាក្សីតាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ដូចនេះ វាមិនពាក់ព័ន្ធ​ទៅនឹងបញ្ហា​កម្មករទេ។

លោក សោម អូន បានប្រាប់អង្គភាព Fresh News បន្ថែមលើសេចក្តីថ្លែងការណ៍របស់ខ្លួនថា «យើងមានសហភាពចំនួន៤ សហព័ន្ធសហជីព និងសមាគមចំនួន៣៥ទៀត ដោយមានសមាជិក សមាជិកា (កម្មករ គ្រូបង្រៀន អ្នករត់ម៉ូតូឌុប និងកម្មករលើវិស័យផ្សេងទៀត) នឹងចេញប្រឆាំងភ្លាមៗ បើសិនលោក ជា មុនី ហ៊ានដឹកនាំកម្មករចេញមកតវ៉ា ធ្វើកូដកម្ម ក្នុងករណីមានការចាប់​ខ្លួនលោក កឹម សុខា នោះ។ ពួកគេប្រើសិទ្ធប្រឆាំងនឹងការសម្រេចរបស់តុលាការ តែយើងនឹងប្រើសិទ្ធចេញទៅប្រកាសគាំទ្រ ចំពោះការសម្រេចរបស់តុលាការ នៅក្នុងសំណុំរឿងរបស់លោក កឹម សុខានេះ»

ជាមួយគ្នានេះ ប្រធានសហភាពជាតិកម្ពុជាការពារកម្មករ លោក សាត់ ឈាងហួ ក៏បានចេញសេចក្តីថ្លែងការណ៍​មួយផងដែរ ដោយធ្វើការអំពាវនាវដល់បងប្អូនកម្មករ និយោជិតសូមកុំ​ជឿតាមការញុះ​ញង់ អូសទាញ របស់សហព័ន្ធសហជីព និងអង្គការ សមាគម មួយចំនួនតូចដែលកំពុងធ្វើការផ្សព្វផ្សាយញុះញង់ អូសទាញ ឲ្យបងប្អូនកម្មករចូលរួមធ្វើកូដកម្ម ឬបាតុកម្ម ក្នុងករណីមានការ​ចាប់ខ្លួនលោក កឹម សុខា។

មេសហជីពរូបនេះ បានស្នើសុំឲ្យក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ទៅលើសហព័ន្ធសហជីព និងអង្គការ សមាគម មួយចំនួនតូច ឬបុគ្គលដែលដើរបំពុលបរិយាកាសដោយញុះញង់ អូសទាញកម្មករឲ្យចូលរួមធ្វើកូដកម្មឬបាតុកម្ម ខុសច្បាប់ដើម្បីផលប្រយោជន៍របស់បុគ្គល ឬបក្ខពួកមួយក្រុមតូចប៉ុណ្ណោះ៕

ព័ត៌មានលម្អិតសូមអានសេចក្ដីថ្លែងការណ៍ទាំងស្រុងខាងក្រោម៖