(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះថា កាលពីម្សិលម្ងៃ គណបក្សសង្រ្គោះជាតិ បានស្នើចរចាជាមួយគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែរហូតដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា បានឆ្លើយតបវិញថា ខ្លួនកំពុងជាប់រវល់មិនទាន់មានពេលគ្រប់គ្រាន់ ដើម្បីចរចានៅឡើយទេ។

អគ្គលេខាធិការរដ្ឋសភារូបនេះបានអះអាងថា ទោះជាបង្ហាញបំណងនៅក្នុងការចរចាក៏ដោយ ប៉ុន្តែគណបក្សសង្រ្គោះជាតិ មិនទាន់បញ្ជូនលិខិតផ្លូវការនៅឡើយទេ ហើយក៏មិនទាន់បញ្ជាក់ឱ្យច្បាស់ថា នឹងចរចាទៅលើបញ្ហាអ្វីនោះដែរ។

ការស្នើចរចារបស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងស្របពេលដែល លោក កឹម សុខា កំពុងរងនូវការប្រឈមផ្នែកច្បាប់ ជុំវិញការបដិសេធមិនចូលខ្លួនបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន២លើក ពាក់ព័ន្ធនឹងបទសញ្ជារកម្ម ជាមួយនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ហើយត្រូវបានព្រះរាជអាជ្ញាសម្រេចធ្វើការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» យោងតាមច្បាប់៥៣៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

កន្លងមកគណបក្សប្រជាជនកម្ពុជា បានរិះគន់គណបក្សសង្រ្គោះជាតិ ដែលមិនបានតែងតាំងសមាសភាព ជាផ្លូវការ ដើម្បីសន្ទនាជាមួយខ្លួន បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំក្រុមតំណាងរាស្រ្តមតិភាគតិច កំពុងរត់គេចពីការចាប់ខ្លួន ទៅក្រៅប្រទេស។

ទោះជាយ៉ាងណា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សសង្គ្រោះជាតិ មានក្រុមការងារ ដើម្បីចូលរួមពង្រឹងវប្បធម៌សន្ទនា ជាមួយគណបក្សកាន់អំណាច ជាផ្លូវការហើយ ដោយក្នុងនោះមានគ្នាចំនួន៦នាក់ និងមានក្រុមការងារអ្នកច្បាប់ ផងដែរ។ សមាសភាពក្រុមចរចារបស់គណបក្សសង្រ្គោះជាតិ រួមមាន ទី១៖ លោក ប៉ុល ហំម, ទី២៖លោក ហូរ វ៉ាន់, ទី៣៖លោក ម៉ៅ មុន្នីវណ្ណ និង ទី៤៖ អ៊ូ ចាន់រិទ្ធ។

សូមជំរាបថា ពីម្សិលមិញ ក្រសួងយុត្តិធម៌បានចេញសេចក្តីថ្លែងការណ៍មួយដោយបានបញ្ជាក់ថា៖ «អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវ ឲ្យលោក កឹម សុខា ក្នុងឋាន:ជាតំណាងរាស្រ្ត មួយរូបត្រូវបង្ហាញភាពជាគំរូ ប្រកបដោយសីលធម៌ និងការទទួលខុសត្រូវក្នុងការចូលរួមពង្រឹង នីតិរដ្ឋនៅកម្ពុជា»