(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ នៅនិវេសនដ្ឋានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក្នុងជំនួបកិច្ចពិភាក្សាការងារ ជាមួយលោកស្រី Amanda Milling, Minister of State for Asia and the Middle East នៃចក្រភពអង់គ្លេស, ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡេីងអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធវិស័យសកម្មភាពមីន រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យចក្រភពអង់គ្លេស បន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លេីវិស័យសកម្មភាពមីន រហូតដល់កម្ពុជា សម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។

ជាការឆ្លើយតប លោកស្រី Amanda Milling បានវាយតម្លៃខ្ពស់ ដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលជាតម្រូវការចាំបាច់ ក្នុងការចូលរួមជួយដល់ប្រជាជនកម្ពុជា កាត់បន្ថយគ្រោះថ្នាក់ និងការអភិវឌ្ឍប្រទេសជាតិ។

លោកស្រីបានអះអាងថា ចក្រភពអង់គ្លេស នឹងបន្តគិតគូរចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលកម្ពុជា លេីវិស័យមីននេះបន្ថែមទៀត៕