(តាកែវ)៖ បន្ទាប់ពីមានការរិះគន់ពីភ្ញៀវទេសចរ និង មានការចុះផ្សាយពីសារព័ត៌មានមួយចំនួនពាក់ព័ន្ធបរិស្ថាននៅរមណីយដ្ឋានទន្លេបាទី  មិនល្អ មានសំរាមចោលពាសវាលពាសកាល និងទឹកទន្លេសុទ្ធតែសំរាម ព្រមទាំងការលក់ដូរមានតម្លៃថ្លៃថែមទៀតនោះ នៅព្រឹកថ្ងៃសៅរ៍ ទី  ២៨ ខែ ឧសភា ឆ្នាំ ២០១៦នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីពាក់ព័ន្ធមួយចំនួនចុះជួបជាមួយសមាជិក និង ប្រធានសហគមន៍មណ្ឌលទេសចរណ៍ទន្លេបាទី ធ្វើយ៉ាងណាពង្រឹងប្រសិទ្ធិភាពការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តនេះ ឲ្យ បានល្អប្រសើរឡើងវិញ និងចៀសវាងការរិះគន់នានា។

ថ្លែងនៅចំពោះមុខអាជីវករលក់ដូនៅរមណីយដ្ឋានទន្លេបាទី ដែលជាសមាជិកសហគមន៍ លោកអភិបាលខេត្ត បានក្រើនរំលឹកឲ្យសមាជិក សហគមន៍ ជាពិសេសប្រធានសហគមន៍ត្រូវតែពង្រឹងការគ្រប់គ្រងរមណីយដ្ឋានឡើងវិញ តាមរយៈរៀបចំក្រុមអនាម័យសម្អាតរមណីយដ្ឋាន ឲ្យស្អាតជាប្រចាំ ហើយអ្នកសំអាតអនាម័យត្រូវពាក់ឯកសណ្ឋានត្រឹមត្រូវ។ ដោយឡែករថយន្ត ដែលចូលមកកម្សាន្តនៅទីនេះ ដែលមិនបាន យកប្រាក់ ត្រូវបានលោកអភិបាលខេត្តណែនាំឲ្យសហគមន៍ ត្រូវតែយកប្រាក់ពីរថយន្ត ដែលចូលមកកម្សាន្តនៅរមណីដ្ឋាននេះ ក្នុងមួយរថ យន្តយកតម្លៃ ៥ពាន់រៀល ហើយសហគមន៍ត្រូវរៃអង្គាសលុយពីសមាជិកសហគមន៍ ដើម្បីយកប្រាក់ទាំងអស់នោះ បើកប្រាក់បៀវត្សរ៍ឲ្យ  អ្នកសំអាតអនាម័យ។

លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ក៏បានឲ្យសហគមន៍ត្រូវពិភាក្សាគ្នា ដើម្បីបញ្ចុះតម្លៃតូបអង្គុយឲ្យនៅតម្លៃសមរម្យ និងត្រូវធ្វើតារាង តម្លៃម្ហូបអាហារ និងភេសជ្ជៈសម្រាប់ឲ្យភ្ញៀវទេសចរមើល ដើម្បីជៀសវាងការរិះគន់ពីភ្ញៀវទេសចរថា លក់កោភ្ញៀវ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានព្រមានផងដែរថា នឹងរំលាយសហគមន៏មណ្ឌលទេសចរណ៍ទន្លេបាទីចោល ហើយឲ្យឯកជនមក គ្រប់គ្រងវិញ ប្រសិនបើការគ្រប់គ្រងសំអាតបរិស្ថានមិនបានល្ អទាំងនៅលើផ្ទៃទឹក និងជុំវិញមណ្ឌលកម្សាន្ត ជាពិសេសបើមានករណីលក់កោ ភ្ញៀវទេសចរក្នុងតម្លៃមួយខុសពីតារាងតម្លៃ ដែលបានដាក់ឲ្យភ្ញៀវមើល៕