(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ខណៈពេលដែលលោកស្រីកំពុងស្នាក់នៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងកិច្ចជំនួបនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែជួយគាំទ្រដល់ដំណើរការ នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបានរំលឹកនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ កម្ពុជា-អូស្រា្តលី ដែលមានរយៈពេល៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២មក។

មេបញ្ជាការកងទ័ពជើងគោក ក៏បានរលឹកផងដែរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្រ្តាលី សម្រាប់ដំណើរស្វែងរកសន្តិភាព និងការដើរតួនាទីនាំមុខក្នុងអំទ្បុងពេលបេសកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ បន្ថែមពីនេះទៅទៀត ប្រទេសអូស្ត្រាលី បានជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាដល់វិស័យអប់រំធនធានមនុស្ស និងការបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតខ្ពស់ដល់ប្រជាជនកម្ពុជា និងជាពិសេសការគាំទ្រលើវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរ នឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានធ្វើការថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយគាំទ្រសកម្មភាពមួយចំនួន ក្នុងវេទិកាអន្តរជាតិកន្លងមក ក៏ដូចជាសម្តែងនូវក្តីរីករាយ និងការសាទរដល់ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវការគាំទ្របន្តទៀត ដល់ប្រទេសកម្ពុជា។

ភាគីទាំងពីរក៏បានបង្ហាញនូវទស្សនៈព្រមគ្នាថា កិច្ចការពារថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ គឺជាកត្តាសំខាន់ដែលត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងរក្សាឲ្យបានជាចាំបាច់៕