(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្រមានកោះកកាយឲ្យអស់រាល់ការ រំលោភបំពានដីធ្លីពីសំណាក់អ្នកមានអំណាច ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់ បើទោះបីអ្នករំលោភដីប្រជាពលរដ្ឋនោះ មានឋានៈបុណ្យស័ក្តិធំ ឬដុះចង្កូមនៅលើក្បាលក៏ដោយនោះ។

ក្នុងឱកាសអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានា នៅវត្តឥន្ទកោសិយ ហៅវត្តចំការម្លូ ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានគូសបញ្ជាក់ថា ឱកាសនៃការរំលោភបំពានដីធ្លីពីសំណាក់អ្នកមានលុយ មានអំណាច ទៅលើប្រជាពលរដ្ឋស្លូតត្រង់នឹងត្រូវចប់ហើយ បើទោះបីមិនទាន់បញ្ចប់ទាំងស្រុង តែក៏កំពុងតែថមថយជាបណ្តើរៗហើយ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «ឱកាសនៃអ្នករំលោភដីគេត្រូវចប់ហើយ ប្រកាសពីទីនេះទៅក្រែងឮដល់ណាឮទៅ! ចប់ហើយ! អត់សង្ឃឹមថា មកសូកខ្ញុំ ហើយធ្វើប្លង់កម្មសិទ្ធិយកដីប្រជាជន កុំសង្ឃឹមឲ្យសោះ។ មួយទៀតអ្នកដែលរងគ្រោះ ហ្អែងចង់ប៉ុន្មានឆ្នាំក៏ដោយ ក៏កកាយហ្អែងមកវិញទាល់តែអស់ កកាយយកមកឲ្យអស់ ដើម្បីផ្តល់យុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ។ អាអ្នកខូចហ្អែងចង់ដុះចង្កូមនៅលើក្បាល ក៏អត់ខ្លាចដែរ ហ្អែងមានប៉ុណ្ណា ក៏មានទៅ ហ្អែងធំប៉ុណ្ណា ក៏ធំទៅអត់ខ្លាចទេ»

លោក ជា សុផារ៉ា ក៏បានព្រមានចាត់ការទៅលើមន្រ្តី ដែលឃុបឃិតជាមួយជនខិលខូច រំលោភយកដីរបស់ប្រជាពលរដ្ឋផងដែរ ប្រសិនបើមិនព្រមកែខ្លួនទេនោះ។ លោកទេសរដ្ឋមន្រ្តីថា លោកកំពុងឃ្លាំមើលមន្រ្តីទាំងនោះថា តើពួកគេព្រមកែខ្លួនដែរឬទេ? បើមិនព្រមលោកនឹងដក តំណែង។

លោករដ្ឋមន្រ្តី ក៏បានធានាអះអាងនៅចំពោះមុខប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារថា ក្នុងនាមរូបលោកជាកូនអ្នកស្រុកក្រូចឆ្មារ លោកនឹងមិនធ្វើ ឲ្យខូចកិត្តិយស កេរ្តិ៍ឈ្មោះអ្នកស្រុកក្រូចឆ្មារនោះឡើយ ពោលលោកនឹងខិតខំធ្វើការងារ ព្រមទាំងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋមានជម្លោះដីធ្លី។

លោក ជា សុផារ៉ា ក៏បានប្រកាសប្តេជ្ញាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរផងដែរ។ សូមបញ្ជាក់ថា លោក ជា សុផារ៉ា បានចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែមេសា កន្លងទៅនេះ។ រយៈពេលជាង១ខែ នៃ ការកាន់តំណែងជារដ្ឋមន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ជម្លោះដីធ្លីរ៉ាំរ៉ៃជាច្រើនត្រូវបានដោះស្រាយ ហើយលោក ក៏បានព្រមានដាក់ឈ្មោះក្រុមអ្នកមានទាំងឡាយ ដែលរំលោភយកដីប្រជាពលរដ្ឋដាក់ក្នុងបញ្ជីខ្មៅផងដែរ៕