(ភ្នំពេញ)៖ ប្រជាពលរដ្ឋសហគមន៍ទួលសង្កែ A សហគមន៍ទួលសង្កែ B សហគមន៍ផ្លូវរថភ្លើង សហគមន៍មិត្តភាព និងសហគមន៍ក្រោលគោ (៥សហគមន៍ប៉ះពាល់លើអតីតផ្លូវរថភ្លើងដែលស្ថាបនាអភិវឌ្ឍទៅជាផ្លូវបេតុង) ចំនួន៣៣០គ្រួសារ មកពីសង្កាត់ទួលសង្កែទី១ សង្កាត់ឫស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ (៣សង្កាត់) ខណ្ឌឫស្សីកែវ បាននាំគ្នាមកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោយទទួលបានដីឡូតិ៍សម្រាប់រស់នៅថ្មី តាមរយៈការចាប់ឆ្នោត។

ប្រជាពលរដ្ឋចំនួន៣៣០គ្រួសារ ក្នុងសហគមន៍ចំនួន៥ ដែលប៉ះពាល់លើអតីតផ្លូវរថភ្លើងអភិវឌ្ឍទៅជាផ្លូវបេតុង បានទទួលការចាប់ឆ្នោតយកដីឡូតិ៍ដោយតម្លាភាពរួចហើយ (៤ម៉ែត្រ គុណ១៥ម៉ែត្រ) ដើម្បីត្រៀមសាងសង់លំនៅដ្ឋានរស់នៅ ក្រោមការយកចិត្តទុកដាក់ដុតដៃដុតជើងជាច្រើនឆ្នាំ ដើម្បីស្វែងរករកដំណោះស្រាយឈ្នះឈ្នះពីសំណាក់អាជ្ញាធរ ស្ថិតនៅខាងលិច និងខាងក្រោយវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពួកគាត់ចាប់ឆ្នោតទទួលយកដីឡូត៍ប្រទានកម្មរបស់អាជ្ញាធរសម្រាប់រស់នៅស្របច្បាប់នេះ (រើសំណង់ចេញពីអតីតផ្លូវរថភ្លើងទៅរស់នៅអមសង្ខាងប្រឡាយអូរវែង) បានរៀបចំឡើងដោយក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ និងការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទខណ្ឌដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ថិតនៅក្នុងវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

លោក ឯក ឃុនដឿន បានថ្លែងថា ដោយមានការយកចិត្តទុកដាក់របស់លោក ឃួង ស្រេង និងរៀបចំស្ថាបនាផ្លូវដែក (ស្ថាបនាអតីតផ្លូវរថភ្លើងឲ្យទៅជាផ្លូវបេតុង) ដើម្បីបញ្ជៀសរាល់ការកកស្ទះចរាចរណ៍ និងសម្រួលដល់ការ ធ្វើដំណើរផ្សេងៗ កាន់តែប្រសើរឡើង ក្រោយពីប្រជាពលរដ្ឋចំនួន៣២០គ្រួសារ រស់នៅរងផលប៉ះពាល់លើផ្លូវដែកនេះ បានយល់ព្រមចាប់ឆ្នោតទទួលយកដីឡូត៍គ្រប់ៗគ្នា និងសូមថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានណែនាំដល់អាជ្ញាធរឲ្យរៀបចំជូនប្រជាពលរដ្ឋទាំងនេះ។

ជាមួយគ្នានោះ ពួកគាត់ក៏បានសំណូមពរឲ្យអាជ្ញាធរជួយធ្វើផ្លូវសម្រាប់ធ្វើដំណើរ ប្រព័ន្ធទឹក ប្រព័ន្ធលូ ប្រព័ន្ធភ្លើងអគ្គិសនី និងកម្មសិទ្ធិស្របច្បាប់ផងដែរ៕