(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមសហការជាមួយក្រសួងស្ថាប័នរបស់ខ្លួនដើម្បីពង្រីកសកម្មភាពមនុស្សធម៌នេះឱ្យបានកាន់តែច្រើនឡើង។

ការវាយតម្លៃបែបនេះ របស់មន្ត្រីរាជរដ្ឋាភិបាល បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសពួកគាត់បានចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធស្នាក់ការអង្គការជឿជាក់លើសិស្សជនបទកម្ពុជាដែលមានទីតាំងនៅក្រុងសៀមរាប ខេត្ត សៀមរាប។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានបង្ហាញការគាំទ្រចំពោះអង្គការជឿជាក់លើសិស្សជនបទកម្ពុជាដែលដឹកនាំដោយលោក Aviv PALTI ជនជាតិអូស្ត្រាលីដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើផ្តល់លទ្ធភាពកាន់តែប្រសើរឡើងជូនដល់កុមារនៅតាមជនបទក្នុងខេត្តសៀមរាប ទទួលបានការសិក្សា និងអប់រំវិជ្ជាជីវៈសំដៅកសាងអនាគតដ៏ល្អមួយសម្រាប់កុមារនៅតាមជនបទ។

បច្ចុប្បន្ននេះអង្គការបានផ្ដល់អាហារូបករណ៍ពីរកម្រិត គឺកម្រិតមធ្យមសិក្សាទុទិយភូមិ និងកម្រិតឧត្តមសិក្សាដល់សិស្សខ្វះខាតមកពីជនបទ ចំនួន ១០៥នាក់ ក្នុងនោះមានសិស្សវិទ្យាល័យចំនួន១៦នាក់ (ប្រុស ២នាក់) កំពុងសិក្សានៅសាលាអន្តរជាតិភ្យូឆឺប្រាយ។

សិស្សចំនួន១៥នាក់ (ស្រី ១៣នាក់) កំពុងរៀនត្រៀមថ្នាក់ភាសាអង់គ្លេសចូលសាកលវិទ្យាល័យ។ និស្សិតចំនួន៤៥ នាក់ (ស្រី ២៧នាក់) កំពុងសិក្សាថា្នក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាសាខាខេត្ដសៀមរាប។ លើសពីនេះ និស្សិតចំនួន ២៨ នាក់ (ស្រី ១៨នាក់) បានបញ្ចប់ការសិក្សាថា្នក់បរិញ្ញាប័ត្រជាស្ថាពរ និងកំពុងបន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅទីក្រុងភ្នំពេញចំនួន ២៧នាក់ និងមាននិស្សិតស្រី ១នាក់ ដែលបាននឹងកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យអារីហ្សូណា សហរដ្ឋអាមរិក។ កន្លងមកនេះ យើងមាននិស្សិតដែលបានទទួលអាហារូបករណ៍បន្តការសិក្សាទៅក្រៅប្រទេសនៅសហរដ្ឋអាមេរិក ចំនួន២នាក់។

ចំពោះការចូលរួមកិច្ចការងារជួយសង្គម យើងមានគម្រោងដែលដឹកនាំដោយ សិស្ស និស្សិតអង្គការផ្ទាល់ និងដែលបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គមឱ្យមានភាពល្អប្រសើរដូចជា៖

*ទី១៖ គម្រោងសាងសង់ផ្ទះ

*ទី២៖ គម្រោងប្រូជេកវ៉ាយហ្រ្វូហ្សិនយ៉ូកឺត ( Project Y Frozen Yogurt) ជាសហគ្រាសសង្គមដើម្បីការអប់រំ បានបង្កើតឡើងនៅឆ្នាំ២០១៥ ដើម្បីបង្រៀននិស្សិតអោយចេះបង្កើត និងគ្រប់គ្រងអាជីវកម្ម បណ្ដុះគំនិត និងបំណិនសហគ្រិន ព្រមទាំងកៀងគរថវិកា តាមរយការលក់យ៉ាអួទឹកកកដើម្បីផ្តល់អាហារូបករណ៍ និងជួយសង្គម។

*ទី៣៖ គម្រោងប្រូជេក ជី Project G ជាគម្រោង លើកកម្ពស់ក្មេងស្រី និងស្រ្តី។

*ទី៤៖ គម្រោងប្រូជេកវី Project V ជាគម្រោងផ្តល់បទពិសោធន៍ទៅដល់អ្នកស្ម័គ្រចិត្តក្នុង និងក្រៅប្រទេស។

*ទី៥៖ គម្រោងប្រូជេក អ Project R បានបង្កើតឡើងនៅចុងឆ្នាំ២០១៩ ដែលមានគោលបំណងក្នុងការផ្ដល់ឱ្យនូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិកតាមរយៈ បដិសេធ កាត់បន្ថយប្រើប្រាស់ឡើងវិញ និងកែច្នៃប្លាស្ទិក ក្រោមការចុះអនុស្សារណយោគយល់គាំទ្ររវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន និងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា។ គម្រោងនេះបានចុះធ្វើសិក្ខាសាលាតាមអនុវិទ្យាល័យចំនួន៣១ និង៥ វិទ្យាល័យក្នុងខេត្តសៀមរាប។

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គម្រោងនេះមិនត្រឹមតែបានលើកកម្ពស់ការយល់ដឹងនៃបញ្ហាប្លាស្ទិកប៉ុណ្ណោះទេ តែបានអំពីបានផ្ដល់នូវកាបូបរិស្ថានដល់សិស្សចំនួន ១៥,០០០ កាបូប ៣១ ធុងសម្រាម និងសៀវភៅការអប់រំស្ដីពីប្លាស្ទិកសម្រាប់អ្នកដឹកនាំពេលអនាគតចំនួន ១៥០ក្បាល សម្រាប់បម្រើការអានក្នុងបណ្ណាល័យនៃសាលាដែលគម្រោងបានកំពុងអនុវត្ដបេសកកម្មរបស់ខ្លួន។

*ទី៦៖ គម្រោងភូមិគ្មានប្លាស្ទិក គឺជាផ្នែកមួយនៃគម្រោងR ក្នុងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងក្នុងការជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅតាមទីជនបទឱ្យយល់ពីផលប៉ះពាល់អវិជ្ជមាននៃប្លាស្ទិក និងរក្សាបរិស្ថានស្អាតនៅក្នុងសហគមន៍ជនបទ។ ជាលទ្ធផលយើងបានសហការនិងមានការគាំទ្រពីរដ្ឋបាលស្រុកបន្ទាយស្រី យើងបានធ្វើការផ្សព្វផ្សាយអំពីបញ្ហាប្លាស្ទិក និងមានការចូលរួមពីប្រជាពលរដ្ឋចំនួន ១≤១២៤នាក់ យុទ្ធនាការសម្អាតភូមិនៅក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី ចំនួនពីរលើកដែលមានការចូលរួមចំនួន ៧៤៣នាក់ និងក្រោមការឧបត្ថម្ភពីដៃគូរសហការ ក្រុមហ៊ុន កូកា កូឡាកម្ពុជា ពួកយើងបានប្រគល់ធុងសំរាមខ្នាតធំចំនួន ១៧ និងផ្លាកផ្សព្វផ្សាយអំពីការគាំពារបរិស្ថានចំនួន៥២ ផ្លាកដល់រដ្ឋបាលស្រុកបន្ទាយស្រី។

*ទី៧៖ គម្រោងប្រូជេក អែល Project L ធ្វើការផ្ដល់ជូននៅពិលភ្លើងសូឡាខ្នាតតូចដល់សិស្សសាលាដែលស្ថិតនៅតំបន់ដាច់ស្រយាលជួបការលំបាក ដើម្បីធ្វើការសិក្សានៅពេលយប់។ ក្នុងដើមឆ្នាំ២០២២នេះ ភ្លើងពិលសូឡាខា្នតតូចចំនួន ៥១១បានចែកចេញ និង១៥៥៩ ពិលគ្រោងចែកអោយចប់ក្នុងឆ្នាំ២០២២នេះ។

ទី៨៖ គម្រោងទឹកស្អាត និងអនាម័យ (Project W) ជាគម្រោងរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន៕