(អ៉ីតាលី)៖ ក្រុមបាល់ទាត់ Real Madrid បានគ្រងតំណែងជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League លើកទី១១ ឆ្នាំ២០១៦ បន្ទាប់ពីបានយកឈ្នះគូប្រជែងក្រុម Atletico Madrid របស់អេស្ប៉ាញដូចគ្នាដោយ បាល់ប៉េណាល់ទី ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រ (ប្រកួតយប់មិញ)។

សារព័ត៌មាន BBC បានផ្សាយថា ក្នុងជំនួបស៊ីសាច់ហុតឈាម ដែលបានធ្វើឡើងនៅកីឡដ្ឋាន San Siro ស្ថិត ក្នុងទីក្រុង Milan ប្រទេសអ៉ីតាលីនោះ ក្រុមដែលធ្លាប់ជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ២០១៤ បានអូសបន្លាយ រហូតដល់ទាត់បាល់ប៉េណាល់ទីកាត់សេចក្តី៥គ្រាប់ម្ខាង ដើម្បីស្វែងរកអ្នកខ្លាំងពិតប្រាកដនៅពីមុខអ្នកទស្សនាផ្ទាល់ ៧៥០០០នាក់ ។

ការប្រកួតពេញម៉ោង ១គ្រាប់នាំមុខរបស់ Real Madrid ធ្វើបានសម្រេចដោយកីឡាករខ្សែការពារ Sergio Ramos នៅនាទីទី១៥ មុនពេលកីឡាករខ្សែបម្រើប្រយុទ្ធជនជាតិប៊ែលហ្ស៊ិក Yannick Ferreira-Carrasco ជួយឲ្យ At.Madrid តាមបានស្មើវិញនៅនាទីទី៧៩។ Real Madrid បានគ្រងតំណែងជើងឯកពាន Champions League លើកទី១១របស់ក្លឹបច្រើនជាងគេ ក្រៅពីធ្លាប់រងជើងឯកបាន៣ដងដែរ ខណៈដែល Atletico Madrid ពុំធ្លាប់ឈ្នះពាន នេះនៅឡើយទេ ដោយបានត្រឹមតែរងជើងឯក ៣ដងប៉ុណ្ណោះ។

សារព័ត៌មាន BBC បានបញ្ជាក់ថា សម្រាប់ការឈ្នះពាន UEFA Champions League រដូវកាលឆ្នាំ២០១៥-២០១៦ នេះ Real Madrid ទទួលបានពាន១ មេដាយមាស៤០គ្រឿង និងអមដោយទឹកប្រាក់ ៨៧លានដុល្លារ គ្រាដែលក្រុម រងជើងឯក (Runner-up) Atletico Madrid ទទួលបានមេដាយប្រាក់៤០គ្រឿង និងអមដោយទឹកប្រាក់ ៧២លានដុល្លារអាមេរិក។
សូមបញ្ជាក់ផងដែរ UEFA Champions League គឺជាពានលីកអាជីពប្រចាំទ្វីបអឺរ៉ុប ដែលត្រូវបានធ្វើឡើងជារៀង រាល់ឆ្នាំនៅចន្លោះខែកញ្ញា និងបញ្ចប់នៅចុងខែឧសភា និងពាន UEFA Euro គឺជាពានជម្រើសជាតិប្រចាំទ្វីបអឺរ៉ុប ដែលត្រូវបានធ្វើឡើងជារៀងរាល់៤ឆ្នាំម្តង សម្រាប់៥៥ប្រទេសដែលជាសមាជិករបស់ UEFA ៕