(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យសមាជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលកំពុងធ្វើសកម្មភាពអប់រំ និងផ្តល់អាហារូបមរណ៍ដល់សិស្សសាលាក្រីក្រនៅតំបន់ជនបទខេត្តសៀមរាប បង្កើនសកម្មភាព និងខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ក្នុងការបំពេញការងារធ្វើអំពើមនុស្សធម៌ និងកិច្ចការងារផ្នែកបរិស្ថានសម្រាប់សហគមន៍មូលដ្ឋាន។

ការជំរុញបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីនៃពិធីប្រកាសទទួលខ្លួនក្លឹប Rotary ប្រចាំខេត្តសៀមរាប ដែលជាសមាជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ជូនសមាជិកនៃអង្គការនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ថាសម្រាប់កម្ពុជា សន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ និងមានសារៈសំខាន់បំផុតសម្រាប់ជាតិនិងប្រជាជន។ កម្ពុជាបានទទួលសុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា «ដោយសារតែកត្តាសុខសន្តិភាពពេញលេញនេះ បានជាកម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីកសាងប្រទេសឱ្យរីកចម្រើន មានការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច កសាងឡើងវិញនូវធនធានមនុស្ស និងបានកសាងកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ។ ដូច្នេះយើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាការពារថែរក្សាសុខសន្តិភាពដែលកម្ពុជាមានឱ្យបានគង់វង្ស»

លោក នេត្រ ភក្ត្រា បានថ្លែងថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជា គឺជាផ្នែកមួយ ដ៏សំខាន់របស់ក្រសួងបរិស្ថាន ដែលបានសហការគ្នាក្នុងការធ្វើឱ្យសហគមន៍ក្នុងតំបន់នៅខេត្តសៀមរាប ទៅជាសហគមន៍មួយដែលមិនមានប្លាស្ទិក។ គម្រោងនោះដាក់ឱ្យប្រើប្រាស់អាងទឹកស្អាតនៅតាមសាលារៀន និងការចែកដបទឹកដល់សិស្សានុសិស្សសម្រាប់យកទៅប្រើប្រាស់ជាប្រចាំថ្ងៃ ដែលជាផ្នែកមួយលើកកម្ពស់បរិស្ថាន ជាពិសេសកាត់បន្ថយប្លាស្ទិក ក្នុងសហគមន៍របស់ពួកគេ។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាបាននឹងកំពុងអនុវត្តគម្រោងជាច្រើនក្នុងការជួយសហគមន៍ក្នុងនោះការសហការជាមួយក្រសួងបរិស្ថានដើម្បីផ្តល់ដបទឹកនិងធុងចម្រោះទឹកស្អាតជូនដល់សាលា រៀននានានៅក្នុងសហគមន៍ក្នុងតំបន់សៀមរាបអង្គរ ក្នុងទិសដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀននិងក្នុងសហគម៍ ព្រមទាំងផ្តល់ទឹកស្អាតសម្រាប់សិស្សានុសិស្សបរិភោគ កាត់បន្ថយចំណាយប្រចាំថ្ងៃ និងមានទឹកបរិភោគគ្រប់គ្រាន់។ គម្រោងសហគមន៍គ្មានប្លាស្ទិកនេះនឹងធ្វើឱ្យតំបន់អង្គការដែលជាបេតិកភ័ណ្ឌពិភពលោកកាន់តែមានសម្រស់ស្រស់ស្អាតកាន់តែខ្លាំង និងមានអនាម័យបរិស្ថានស្អាត មានផាសុកភាព។

Rotary គឺជាបណ្តាញពិភពលោកមួយដែលមានសមាជិកជាង ១,៤លាននាក់ ដែលផ្តល់សេវាកម្មដល់អ្នកដទៃ លើកកម្ពស់សុចរិតភាព និងជំរុញការយល់ដឹងអំពីពិភពលោក សុច្ឆន្ទៈ និងសន្តិភាពតាមរយៈការប្រកបអាជីវកម្ម វិជ្ជាជីវៈ និងអ្នកដឹកនាំសហគមន៍។ ក្លឹបអន្តរជាតិនេះក៏ធ្វើការលើការលើកស្ទួយសន្តិភាព ប្រឆាំងនឹងជំងឺឆ្លង ផ្តល់ទឹកស្អាត ការថែទាំសុខភាព និងអនាម័យ ការជួយសង្គ្រោះម្តាយនិងទារក ការគាំទ្រលើការអប់រំ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ការពារបរិស្ថាន និងជំរុញឱ្យមានការចូលរួម។

សូមជម្រាបថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដោយលោក Aviv Palti និងក្រុមគ្រួសារ ជាជនជាតិអូស្ត្រាលី និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កម្ពុជា នៅឆ្នាំ២០១១ ក្រោមចក្ខុវិស័យលុបបំបាត់ភាពក្រីក្រ តាមរយៈការអប់រំ បណ្ដុះបណ្ដាល និងលើកកម្ពស់យុវជនឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។

បច្ចុប្បន្ន អង្គការនេះ បានចូលរួមកិច្ចការងារជួយសង្គម តាមរយៈគម្រោងជាច្រើនរួមមាន៖ គម្រោងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ គម្រោងសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ គម្រោងលើកកម្ពស់ក្មេងស្រី និងស្ត្រី បេសកកម្មចុះចែកកង់ដល់សិស្សនៅទីជនបទគម្រោងភូមិគ្មានប្លាស្ទិក និងគម្រោងទឹកស្អាត និងអនាម័យជាដើម៕