(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកស្រី ព្រមទាំងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត នៅព្រឹកអំឡុងចុងសប្ដាហ៍មកនេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងក្រុងតាខ្មៅ, ស្រុកកៀនស្វាយ, ស្រុកលើកដែក, ស្រុកល្វាឯម និងស្រុកខ្សច់កណ្ដាលសរុប១៣៤វត្ត។

ពេលសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ លោកអភិបាលខេត្ត បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាល ពីសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ ក៏មិនមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចសព្វថ្ងៃនេះដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជាមាគ៌ានាំមកនូវសង្គម និងប្រជាជាតិទាំងមូល ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ទៀតផងដែរ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យទានជាច្រើន ដែលរដ្ឋបាលខេត្តយកមកវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរពទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាទ និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា ក្នុងឱកាសព្រះសង្ឃចូលកាន់ព្រះវស្សារយៈពេល៣ខែនេះ គឺជាពេលវេលាមួយយ៉ាងសំខាន់ សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់នូវពន្លឺភ្លើងទានវស្សានេះ ទៅដុតបំភ្លឺមើលគម្ពីរព្រះត្រៃបិដក និងបូជាថ្វាយដល់ព្រះគុណ ព្រះរតនត្រ័យផងដែរ។

សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យទាន ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានាឱកាសនោះគឺ ក្នុងមួយវត្តទទួលបាន អង្ករ ២០០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១កញ្ចប់ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ៥កេស ត្រីខ ១កេសធំ និងថវិកាមួយចំនួន។

សូមជម្រាបថា វត្តទាំងអស់ដែលទទួលទេយ្យទានរួមមាន៖ ៣៣វត្ត នៅស្រុកល្វាឯម, ៤២វត្ត នៅស្រុកខ្សាច់កណ្ដាល, ១៥វត្តនៅក្រុងតាខ្មៅ, ១៤វត្ត នៅស្រុកលើកដែក និង៣០វត្ត នៅស្រុកកៀនស្វាយ៕