(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ (CNRP) បានប្រកាសកៀងគរអ្នកគាំទ្ររបស់ខ្លួនចូលរួមដង្ហែញត្តិមួយទៅកាន់រដ្ឋសភាប្រឆាំងចំណាត់ ការផ្លូវច្បាប់របស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ស្អែកនេះ ឆ្លើយតបគម្រោងដង្ហែញត្តិ នាយឧត្តមសេនីយ៍  ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានផ្តាំផ្ញើទៅគណបក្សសង្រ្គោះជាតិថា កុំឲ្យឆ្លៀតឱកាសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ  និងស្ថេរភាព នយោបាយឲ្យសោះ។ លោកព្រមានថា ចំណាត់ការនឹងមានប្រសិនបើធ្វើឲ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។

ឆ្លើយតបភ្លាមៗ ទៅនឹងការប្រកាសអំពាវនាវរបស់គណបក្សសង្រ្គោះជាតិ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងប្រាប់ Fresh News  នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦នេះថា «ក្នុងករណីប៉ះពាល់ទៅដល់សន្តិសុខយើងត្រូវមានវិធានការ ហើយកុំឆ្លៀតឱកាសធ្វើ ឲ្យប៉ះពាល់ដល់សន្តិភាព ស្ថេរភាពនយោបាយឲ្យសោះខ្ញុំផ្តាំជាដាច់ខាតអ៊ីចឹង»

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានផ្តាំទៅគណបក្សសង្រ្គោះជាតិថា ស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា កំពុងតែល្អប្រសើរហើយ ដូច្នេះរាល់ការធ្វើអ្វីមួយហាមជាដាច់ខាត មិនឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ និងស្ថេរភាពសង្គម។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ នៅតែ លើកទឹកចិត្តឲ្យគណប្សសង្រ្គោះជាតិ សុំច្បាប់ និង ពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ក្នុងរៀបចំការដង្ហែញត្តិ ដើម្បីឲ្យដង្ហែញត្តិប្រព្រឹត្ត ទៅ ដោយល្អប្រសើរ និងមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាផ្សេងៗ។

នៅព្រឹកថ្ងៃនេះ គណបក្សសង្រ្គោះជាតិ បានប្រកាសថា នៅថ្ងៃទី៣០ ខែឧសភា ស្អែកនេះ អ្នកគាំទ្ររបស់ខ្លួនមកពី២៥រាជធានី-ខេត្ត នឹង ដង្ហែញត្តិទាមទារនូវលក្ខខណ្ឌចំនួន៤ចំណុច ប្រគល់ជូនអ្នកតំណាងរាស្រ្តនៅរដ្ឋសភា និងនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ដើម្បីយក ញត្តិទៅថ្វាយព្រះមហាក្សត្រ៕