(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ នឹងដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ាន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាតំណាងប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។
ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ប្រធានព្រឹទ្ធសភា និង ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា។ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នឹងដឹកនាំសមាជិកអន្តរសភាអាស៊ានដទៃទៀត ចូលរួមកម្មវិធីសំខាន់ៗមួយចំនួន ដូចជា៖
* ជួបសវនាការ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋឥណ្ឌា ដែលមានជាអាទិ៍: ឯកឧត្តមអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា (Rajya Sabha) ឯកឧត្តមរដ្ឋមន្ត្រីកិច្ចការបរទេស ឯកឧត្តមប្រធានរដ្ឋសភា(Lok Sabha) និងជួបពិភាក្សាការងារទ្វេរភាគី(Bilateral Talk) ជាមួយឯកឧត្តមអនុប្រធានព្រឹទ្ធសភា។
* ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលសភាសម្រាប់លទ្ធិប្រជាធិបតេយ្យ (PRIDE)
* ចូលរួមកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ SANSAD
* គោរពវិញ្ញាណក្ខន្ធ នៅវិមានបញ្ចុះសព Humayun
* ទស្សនាទីកន្លែង និងប្រាសាទសំខាន់មួយចំនួនដូចជា: វិមានជ័យជំនះ Qutab Minar សម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភា មជ្ឈមណ្ឌល និងសាលអានរបស់សមាជិកសភា បណ្ណាល័យសភា និងសារមន្ទីរសភា ប្រាសាទតាជីម៉ាហាល់ (Taj Mahal) និងប្រាសាទបន្ទាយអាហ្ក្រា (Agra Fort)។
សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) មិនត្រឹមតែជាដៃគូយ៉ាងសំខាន់របស់អាស៊ានប៉ុណ្ណោះទេ ពោលគឺជាដៃគូនៃសភាប្រទេសសង្កេតការណ៍ចំនួន១៦ទៀត ដែលដំណើរទស្សនកិច្ចរបស់អាយប៉ា នៅសាធារណរដ្ឋឥណ្ឌានៅពេលនេះ ក៏ដូចនៅពេលកន្លងមក ពិតជាទទួលកិត្តិយស ជាមួយនឹងអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់សភាប្រទេសសមាជិកអាយប៉ាទាំងមូល និងបន្តធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ឥណ្ឌា ក៏ដូចជា អាយប៉ា និងសភាឥណ្ឌា កាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសក្នុងឱកាសខួបអនុស្សាវរីយ៍៣០ឆ្នាំអាស៊ាន-ឥណ្ឌា ក្នុងជំហានឆ្ពោះទៅកាន់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការនៅលើវេទិកាអន្តរសភា នៅក្នុងតំបន់ និងសកលលោក៕