(កណ្តាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យខេត្តកណ្ដាល មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ អនុវត្តបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ, រក្សាបានយ៉ាងគត់មត់នូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាបន្តបន្ទាប់។

ការលើកឡើងបែបនេះ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលនៅសាលប្រជុំសាលាខេត្តកណ្ដាល។

នាឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត, លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត នៃក្រសួងមហាផ្ទៃ បានវាយតម្លៃទទួលស្គាល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ជាខេត្តទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម២៥រាជធានី-ខេត្ត លើប្រសិទ្ធភាពការងារ ចុះមូលដ្ឋាន និងដោះស្រាយរាល់បញ្ហា សំណូមពរនានារបស់ប្រជាពលរដ្ឋបានល្អប្រសើរជាងគេ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងភាពបុរេសកម្មរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ, ចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងអាយុជីវិតប្រជាជន របស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងការចង្អុលបង្ហាញការងារដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ជាក់ស្តែងសម្រាប់ឆមាសទី១ ឆ្នាំ២០២២ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ បានអញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានសរុបចំនួន ៣,៧៥៦លើក និងទទួលបានសំណើរសំណូមពររបស់ប្រជាពលរដ្ឋ សរុបចំនួន ៧៧៥ករណី ក្នុងនោះភាគច្រើនពាក់ព័ន្ធនឹងវិស័យសំខាន់ៗចំនួន៣ រួមមានដូចជា៖ វិស័យសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវារដ្ឋបាលគ្រប់ប្រភេទ ចំនួន ១៨២ករណី ស្មើនឹង ២៣.៤៨%, វិស័យសង្គមកិច្ច ចំនួន១៧៩ករណី ស្មើនឹង ២៣.០១%, និងវិស័យសុខាភិបាលចំនួន ១០៣ករណី ស្មើនឹង១៣.២៩%។

ឆ្លើយតបនឹងសំណើសំណូមពរទាំងនេះ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់ថ្នាក់បានដោះស្រាយសរុបចំនួន ៧៧៥ករណី ជាលទ្ធផលក្រុមការងារបានធ្វើការដោះស្រាយ ៩៦.៦៥% និងកំពុងបន្តដោះស្រាយសរុបចំនួន ២.៣២%, មិនទាន់បានដោះស្រាយចំនួន ០.៦៥% និងបញ្ចូនទៅថ្នាក់ជាតិ ០.៣៨%។

ជាមួយនឹងកត្តាជោគជ័យយ៉ាងត្រចះត្រចង់នេះ លោកគង់ សោភ័ណ្ឌ តាងនាមរដ្ឋបាលខេត្ត បានគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ឧបត្ថម្ភទាំងស្មារតី សម្ភារៈ និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុបម្រើ ការពារប្រជាជនក្នុងខេត្តកណ្តាលទាំងមូល។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានថ្លែអថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្តដែលបានចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ និងកិច្ចដំណើរការអភិវឌ្ឍនៅក្នុងមូលដ្ឋានខេត្តកណ្ដាល៕