(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង១០០គ្រួសាររស់នៅក្នុងសហគន៍ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានដង្ហោយរកកិច្ចអន្តរាគមន៍ពីលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តីកណ្តាប់ដៃដែក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយក្រោយមានគេសង់សំណង់រឹង រំលោភផ្លូវសាធារណ:របស់រដ្ឋ ពោលគឺផ្លូវលេខ១៩៧៤ ចាប់ពីផ្លូវលេខ៥៩៨ ដល់ផ្លូវលេខ១០០៣។

ប្រជាពលរដ្ឋទាំងនេះ កាលពីឆ្នាំ២០១៥កន្លងទៅក៏ បានប្តឹងទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ផងដែរចំពោះករណីមួយនេះ រហូតលោក បានចេញលិខិតមួយចំនួន ផ្ញើទៅអភិបាលខណ្ឌជំនាន់លោក លី សាវេត សហការជាមួយមន្ទីរពាក់ព័ន្ធ ចុះទៅដោះស្រាយជូនប្រជាពលរដ្ឋ ។

ប៉ុន្តែលិខិតជាច្រើនសន្លឹករបស់លោក ប៉ា សុជាវង្ស ហាក់គ្មានតម្លៃគតិយុត្តនោះឡើយ សម្រាប់អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងនោះ ពោលបានបណ្តែតបណ្តោយមានការសាងសង់សំណង់រឹងរំលោភចូលផ្លូវមួយនេះ ស្ទើរនៅតែសល់មួយចង្វាម ខណ:ដែលផ្លូវនេះ មានទទឹងរហូតដល់១០ម៉ែត្រ ហើយជាផ្លូវសល់តាំងពីដូនតារបស់ប្រជាពលរដ្ឋ យូរលង់ណាស់មកហើយ។

សម្រាប់ករណីនេះ អាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធ មិនបានចូលរួមដោះស្រាយនោះទេ ជាហេតុនាំឲ្យប្រជាពលរដ្ឋចោទថា មានការឃុបឃិតគ្នាជាប្រព័ន្ធ រវាងមន្រ្តីថ្នាក់ក្រោមទាំងនោះ។

តំណាងប្រជាពលរដ្ឋម្នាក់ បាននិយាយថា «ផ្លូវនេះ នៅក្នុងប្លង់មានទទឹងប្រមាណ១០ម៉ែត្រ តែក្នុងស្ថានភាពបច្ចុប្បន្ននេះ កន្លែងខ្លះមានទទឹងប្រហែល២ម៉ែត្រ​ កន្លែងខ្លះ៧ម៉ែត្រ​ និងកន្លែងខ្លះបិទទាំស្រុងតែម្ដង​ នេះ ក៏ព្រោះតែគេសង់សំណង់រឹង មួយថ្ងៃទៅមួយថ្ងៃ រំលោភលើផ្លូវ តែរឿងនេះ គ្មានអាជ្ញាធរដោះស្រាយនោះទេ បើទោះបី លោកអភិបាលក្រុង បានចេញលិខិតបង្គាប់ការទៅអភិបាលខណ្ឌមុន និងមន្រ្តីពាក់ព័ន្ធដោះស្រាយក៏ដោយ»

ប្រជាពលរដ្ឋរូបនេះ បានបញ្ជាក់ថា ករណីនេះមានតែលោក ជា សុផារ៉ា នោះទេដែលអាចបញ្ចប់បានដើម្បីឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ហើយមានផ្លូវអាចធ្វើដំណើរបានយ៉ាងស្រួលដូចមុនបាន។

កាលពីម្សិលមិញ ពីខេត្តត្បូងឃ្មុំ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្រមានកោះកកាយឲ្យអស់រាល់ការ រំលោភបំពានដីធ្លីពីសំណាក់អ្នកមានអំណាច ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់ បើទោះបីអ្នករំលោភដីប្រជាពលរដ្ឋនោះ មានឋានៈបុណ្យស័ក្តិធំ ឬដុះចង្កូមនៅលើក្បាលក៏ដោយនោះ។

ក្នុងឱកាសអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានា នៅវត្តឥន្ទកោសិយ ហៅវត្តចំការម្លូ ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានគូសបញ្ជាក់ថា ឱកាសនៃការរំលោភបំពានដីធ្លីពីសំណាក់អ្នកមានលុយ មានអំណាច ទៅលើប្រជាពលរដ្ឋស្លូតត្រង់នឹងត្រូវចប់ហើយ បើទោះបីមិនទាន់បញ្ចប់ទាំងស្រុង តែក៏កំពុងតែថមថយជាបណ្តើរៗហើយ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «ឱកាសនៃអ្នករំលោភដីគេត្រូវចប់ហើយ ប្រកាសពីទីនេះទៅក្រែងឮដល់ណាឮទៅ! ចប់ហើយ! អត់សង្ឃឹមថា មកសូកខ្ញុំ ហើយធ្វើប្លង់កម្មសិទ្ធិយកដីប្រជាជន កុំសង្ឃឹមឲ្យសោះ។ មួយទៀតអ្នកដែលរងគ្រោះ ហ្អែងចង់ប៉ុន្មានឆ្នាំក៏ដោយ ក៏កកាយហ្អែងមកវិញទាល់តែអស់ កកាយយកមកឲ្យអស់ ដើម្បីផ្តល់យុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ។ អាអ្នកខូចហ្អែងចង់ដុះចង្កូមនៅលើក្បាល ក៏អត់ខ្លាចដែរ ហ្អែងមានប៉ុណ្ណា ក៏មានទៅ ហ្អែងធំប៉ុណ្ណា ក៏ធំទៅអត់ខ្លាចទេ»