(ព្រៃវែង)៖ សមាជិកសកម្ម និងជា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅឃំុព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ចំនួន៥៩នាក់ បានមកចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សប្រ​ជាជនកម្ពុជា ក្រោយពីពួកគេ បានអស់ជំនឿលើការ​ដឹកនាំរបស់ លោក សម រង្ស៊ី និងលោក កឹម សុខា ជាពិសេសរឿងអាស្រូវ​ស្រីញី​របស់លោក កឹម សុខា ចុងក្រោយ​នេះតែម្តង។

ពិធីទទួលសមាជិកគណបក្សសង្គ្រោះជាតិមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ផែង វណ្ណៈ អនុប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា ចុះជួយ​ឃំុព្រៃឃ្នេស តំណាងលោក តោ ពន្លក ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃំុព្រៃឃ្នេស  និងលោក ខឹម ឈុំ ប្រធានគណបក្សប្រជាជន​កម្ពុជាស្រុកមេសាង នៅភូមិត្រពាំងព្រះទី ១ ឃំុព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦។

លោក ផែង វណ្ណ: បានថ្លែងទៅកាន់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ថា ថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សនោះ តែងតែគិតពី​ការរស់នៅ និងសុខទុក្ខរបស់ប្រជាជននៅទូទាំងប្រទេសគ្រប់ពេលវេលា ហើយចាត់ចែងឲ្យក្រុម​ការងារទាំងអស់​ចុះមូលដ្ឋាន ជួយដោះស្រាយរាល់ការ​លំបាករបស់បងប្អូន មិនត្រូវគិតពីការនឿយហត់​នោះទេ។

លោក ផែង វណ្ណ: បានចាត់ទុកថា ការស្ម័គ្រចិត្តមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ បង្ហាញឲ្យឃើញថា បងប្អូនបានយល់យ៉ាងពិតប្រាកដ​ចំពោះគោលនយោបាយ​ដឹកនាំប្រទេស​ជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំហើយគណបក្សប្រជាជន សូមស្វាគមន៍ បងប្អូនគ្រប់ពណ៌សម្បុរ ដើម្បីមកចូលរួមចំណែកការអភិវឌ្ឍន៍សង្គមជាតិរបស់យើង កាន់តែរីក​ចំរើនខ្លាំងឡើង៕