(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ម្ដាយក្មេកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងត្រូវជាម្ដាយបង្កើត លោកស្រី ទេព រង្ស៉ី។

ខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួល និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមកំថា មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ត្រូវជាម្តាយ ម្តាយក្មេករបស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាពនៅវេលាម៉ោង០៩៖១៥ ព្រឹក ថ្ងៃអង្គារ៍ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងសូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យចំពោះការបាត់បង់មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត គឺជាការបាត់បង់ដ៏ធំធេងរបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល។

មរណភាពរបស់មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត គឺជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ និងចៅៗ និងពេញមួយជីវិតរបស់មហាឧបាសិកា បានតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើននាពេលកន្លងមក។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕