(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែឧសភា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់កិច្ចសម្ភាសន៍ពិសេសជុំវិញការប្រកាសរបស់គណបក្សសង្គ្រោះជាតិ ឲ្យកម្លាំងមហាជន (People Power) នៅទូទាំងប្រទេស ដង្ហែញត្តិមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែឧសភា។ ការឆ្លើយតបដោយកិច្ចសម្ភាសន៍នេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃអាទិត្យបានប្រកាសឲ្យមហាជនធ្វើញត្តិហែរមកភ្នំពេញ។

ខាងក្រោមនេះជាបទសម្ភាសន៍បន្តរវាង Fresh News ជាមួយលោក ផៃ ស៊ីផាន ស្តីពីការប្រើប្រាស់កម្លាំងមហាជន (People Power) របស់គណបក្សប្រឆាំង៖

Fresh News៖ តាមសេចក្តីប្រកាសដល់សាធារណៈជនពីថ្នាក់ដឹកនាំ CNRP ឲ្យមកពីខេត្តក្រុងចូលរួមធ្វើមហាបាតុកម្មនៅទីក្រុងភ្នំពេញ តើ ឯកឧត្តម ផៃ​ ស៊ីផាន យល់ឃើញយ៉ាងណាដែរ?

លោក ផៃ ស៊ីផាន៖ អរគុណ! អ្វីដែលខ្ញុំបានទទួលព័ត៌មាន ដែលពាក់ព័ន្ធ និងការរៀបចំបំផុសចលនាមហាជននោះ គឺមានអត្ថន័យ និងទិសដៅខុសៗគ្នា ដែលប្រកូកប្រកាសពី CNRP។

លើកទី១៖ កូនស្រីរបស់ ឯកឧត្តម កឹម សុខា គឺអំពាវនាវឲ្យមហាជនចូលមកកាន់គណបក្ស ដើម្បីការពារគណបក្ស CNRP ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដោយលាក់លៀមអំពីកិច្ចការពារ ឯកឧត្តម កឹម សុខា។

លើកទី២៖ គឺការប្រកាសគៀងគរកម្លាំងកម្មករឲ្យធ្វើបាតុកម្មប្រឆាំងនិងចំណាត់ការរបស់តុលាការ និងនគរបាលយុត្តិធម៌ ដែលស្វែងរកឃាត់ខ្លួន ឯកឧត្តម កឹម សុខា គឺប្រធានសហជីព លោក ជា មុនី និងក្រុមសកម្មជនរបស់គេ។

លើកទី៣៖ គឺជាការប្រកាសព្រមានជាផ្លូវការពីថ្នាក់ដឹកនាំជាន់ខ្ពស់ CNRP ថានឹងរៀបចំមហាបាតុកម្ម នោះបើសិនជាមានការចាប់ខ្លួន ឯកឧត្តម កឹម សុខា។

លើកទី៤៖ CNRP បានបន្តប្រកាសជាផ្លូវការព្រមាន និងដាក់សម្ពាធដល់ស្ថាប័នតុលាការ និងរដ្ឋាភិបាលក្នុងការធ្វើបាតុកម្មហែរញាត្តិទៅ ព្រះមហាក្សត្រ ក្នុងការប្រឆាំងនិងចំណាត់ការរបស់តុលាការ និងសភា ពាក់ព័ន្ធនិងអភ័យឯកសិទ្ធិ។ នោះបើយើងមើលសារនយោបាយ និងសកម្មភាពរៀបចំចលនាមហាជនទាំងបួនលើកនេះ យើងពិតជាយល់ច្បាស់ថា CNRP ពុំមានបំណងចូលរួមនិងវប្បធម៌ប្រជាធិបតេយ្យ និងនីតិរដ្ឋនោះទេ។

ខ្ញុំសូមលើកអំពីអ្វីដែលបានកើតមានចលនានយោបាយនៅពាក់កណ្តាលទសវត្សហុបសិប ដើម្បីធ្វើការប្រៀបធៀប នៃសកម្មភាព និងយុទ្ធសាស្ត្រនយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ពីសំណាក់អ្នកប្រឆាំងនិងព្រះអង្គ។ នៅស្រុកខ្មែរ គឺមានចលនាជាភ្លៀងរលឹម ដើម្បីធ្វើឲ្យមានកំហឹង និងស្អប់ដល់ស្ថាប័នជាតិ និងការដឹកនាំរបស់រាជរដ្ឋាភិបាល។ រីឯនៅក្រៅប្រទេសវិញ គេរៀបចំចលនាធ្វើបាតុកម្ម តតាំងនិងព្រះប្រមុខរដ្ឋ។

ខ្ញុំសូមជម្រាបថា ចលនានេះ គេធ្វើជាប្រចាំដើម្បីបំផុសបំផុល និងចងកំហឹងដល់របបនោះ ក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាល។ នេះការបោះបង់កាតព្វកិច្ចចូលរួមកសាងស្ថេរភាព សន្តិសុខជាតិ និងការអភិវឌ្ឍរបស់បុគ្គលគ្រប់រូប ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដោយគេនៅតែចិញ្ជឹមចិត្ត រូបភាពប្រឆាំង និងផ្លាស់ប្តូរជានិច្ចកាល តាមរយៈរៀបចំបណ្តាញពីសភា ស្ថាប័នរដ្ឋដទៃទៀតរហូតដល់ថ្នាក់ មូលដ្ឋានផ្ទាល់ក្នុងការឃោសនាជាចំហរ និងជាសម្ងាត់ដើម្បីធ្វើឲ្យមានចលនាសកម្មមួយក្នុងការប្រឆាំងនិងផ្លាស់ប្តូរ។
គេបោះបង់សកម្មភាពនយោបាយ ដើម្បីដោះស្រាយ និងកសាងតាមរយៈការតាក់តែងច្បាប់ការពង្រឹងសាមគ្គីភាព និងឯកភាពជាតិ ដោយទីបញ្ចប់បដិវត្ត ដែលផលរំពឹងទុកបានបង្កវិនាសកម្មសង្គម ក៏ដូចជាសេវិករាប់លាននាក់ ដែលមិនគួរឲ្យជឿកើតមាននៅក្នុងកម្ពុជា ដែលជាអ្នកប្រតិបត្តិ និងជំនឿលើសន្តិភាព នៃការទូន្មានពីព្រះពុទ្ធ។ នៅក្នុងជំនាន់សង្គមរាស្ត្រនិយមនោះ គឺមានការលុកលុយទាំងការគ្រប់គ្រងជាតិ រហូតដល់សតិអារម្មណ៍របស់ប្រជាជនខ្មែរ។

នេះជាបទពិសោធន៍របស់កម្ពុជា នោះយើងពុំគិតពីមហាបាតុកម្មរបស់ CNRP នៅសម័យកាលថ្មីៗនេះ បន្ទាប់ពីការបោះឆ្នោតរួចមក កាលពីឆ្នាំ២០១៣ គឺជាយុទ្ធនាការប្រវត្តិសាស្ត្រនយោបាយ ដែលរៀបចំឲ្យមានមហាបាតុកម្មប្រឆាំង និងលទ្ធផលនៃជំរើសរបស់ ប្រជាពលរដ្ឋកម្ពុជា ដែលជាសកម្មភាពមួយ ដែលគេអាចចាត់ទុកថាជារដ្ឋប្រហាររាជរដ្ឋាភិបាល ដែលចេញពីការបោះឆ្នោត និងការច្រានចោល នូវការគោរពឆន្ទៈមហាជន ក៏ប៉ុន្តែពេលនោះ ឯកឧត្តម កឹម សុខា បានលើកឡើងជាសាធារណៈនៅសហរដ្ឋអាមេរិកថា៖ លោកគោរពការចង បានរបស់មហាអំណាចក្នុងការចូលរួមជាមួយសភាជាតិ ដើម្បីតំណាងមតិភាគតិច ក៏ប៉ុន្តែការពិតជាអ្នកតំណាងមតិមហាអំណាច ជាជាងមតិខ្មែរនៅក្នុងស្រុក និងផលប្រយោជន៍។

បើតាមអ្វីដែលខ្ញុំធ្វើការប្រៀបធៀបចលនា គោលដៅ និងយុទ្ធសាស្ត្រនៃគណបក្សជំនាន់ថ្មីនេះ CNRP ដែលកើតឡើងពីធាតុផ្សំនៃក្រុម សម រង្ស៊ី និងក្រុម កឹម សុខា គឺមានទិសដៅវាយប្រហារ និងបំបែកស្ថាប័នរដ្ឋធំៗពីប្រជាពលរដ្ឋគឺ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងតុលាការ ហើយដែលបច្ចុប្បន្ននេះ មិនត្រឹមតែមិនគោរពព្រះមហាក្សត្រទេ ប៉ុន្តែគេបានដាក់បន្ទុកឲ្យព្រះមហាក្សត្រប្រាសចាកពីច្បាប់ និងរដ្ឋធម្មនុញ្ញ នោះមិនគិតពីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែលព្យាយាមធ្វើការបំបែករាស្ត្រពីរដ្ឋ ដែលគេដើរតួនាទីខុស ហួសពីអាណត្តិ និងសមត្ថកិច្ចដែល NGOs ហាក់ដូចជា រដ្ឋាភិបាលស្រមោលមួយដែលជារណសិរ្សប្រឆាំងផ្ទាល់ជាមួយអង្គការរដ្ឋ។

Fresh News: ដូចនេះកិច្ចរៀបចំមហាបាតុកម្មនេះ ជាការរួមគ្នាសំដែងមតិ ឬចលនាអ្វីមួយ តើ ឯកឧត្តម យល់យ៉ាងដូចម្តេចដែរ?

លោក ផៃ ស៊ីផាន៖ អរគុណ ! អ្វីដែលខ្ញុំលើកឡើងមកនេះគ្រាន់តែឈុតឆាកដែលជាការតាមពិនិត្យ និងពិចារណាតែប៉ុណ្ណោះ មិនមែនមាន បំណងលាបពណ៌ ឬចោទប្រកាន់នៃចលនាមហាជនរបស់ CNRP នោះទេ ក៏ប៉ុន្តែការប្រឆាំង និងការសម្តែងមតិរបស់ CNRP មិនថា នៅក្នុងរដ្ឋសភា ក៏ដូចជាសាធារណៈនៅតាមមូលដ្ឋាន គឺមិនមែនឋិតនៅក្នុងរបបសេរីពហុបក្សនោះទេ ផ្ទុយមកវិញខ្លឹមសារគឺចង់បំផុសកំហឹងប្រឆាំង និងរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងនិងសភា មិនប្រតិបត្តិគោរពទាំងស្មារតី និងសកម្មភាពយុត្តិធម៌របស់តុលាការ យើជាក់ស្តែងរាប់ចូលដល់ព្រះមហាក្សត្រទៀតឥឡូវនេះ។ សកម្មភាពទាំងអស់នេះហើយ គឺបានធ្វើឲ្យខ្ញុំប្រាកដណាស់ថា គឺជាការរៀបចំ ដែលមានយុត្តិសាស្ត្រប្រាកដប្រជា និងគោលដៅច្បាស់លាស់ណាស់។ អាស្រ័យហេតុនេះ ខ្ញុំមានជំនឿប្រាកដថា «មហាបាតុកម្ម» ដែល CNRP ប្រឌិតឈ្មោះនេះ គឺជាចលនាមហាជនមួយ ដែល CNRP ត្រូវតែទទួលខុសត្រូវខ្ពស់បំផុស អំពីធ្វីដែលអាចកើតឡើងជាយថាហេតុណាមួយ ព្រោះ CNRP ជាក្រុមនយោបាយដែលមានលទ្ធភាពប្រជែងគំនិត តស៊ូគំនិតនយោបាយនៅក្នុងសភា ដែលប្រាស់ចាកពីក្រុមឧទ្ទាម គ្មានលទ្ធភាពនយោបាយក្នុងក្រុង និងស្របច្បាប់។

មួយវិញទៀត សកម្មភាពទាំងអស់នេះវាបានឆ្លុះបញ្ជាំងយ៉ាងច្បាស់ពីអំពីគណបក្ស CNRP ដែលគ្មានសមត្ថភាពយកឈ្នះគណបក្ស CPP នៅពេលបោះឆ្នោតខាងមុខ ដោយគណបក្ស CNRP ព្យាយាមមិនទទួលយកនូវការបោះឆ្នោតដោយសន្តិវិធី និងរកឧបាយកលគ្រប់បែបយ៉ាងដើម្បីប្រើប្រាស់កម្លាំងមហាជន (People Power) ក្នុងគោលដៅដណ្តើមអំណាចតាមរយៈកម្លាំងបាយ ដែលនៅក្នុងរូបភាពចលនាឧទ្ទាម (Urban Rebellion )ផ្ទុយទៅនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ប្រទេស រួមជាមួយនិងការរំខាននូវការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ៕