(ភ្នំពេញ)៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី «តួនាទីរបស់សភាក្នុងការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាប័ន្ន និងចីរភាព ចំពោះគ្រោះអាសន្នសុខាភិបាល៖ ករណីសិក្សាអំពីប្រសិទ្ធភាព និងបញ្ហាប្រឈមក្នុងការឆ្លើយតបរបស់ថ្នាក់ជាតិទៅនឹងជំងឺកូវីដ-១៩» នៅសណ្ឋាគារ Royal Angkor Resort and Spa ក្នុងទីរួមខេត្តសៀមរាប និងតាមប្រព័ន្ធ Online។

សិក្ខាសាលានេះរៀបចំឡើងដោយគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា សហការជាមួយលេខាធិកាដ្ឋាន នៃសហភាពអន្តរសភាអាស៊ាន (អាយប៉ា) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរខេត្តសៀមរាប តំណាងឲ្យឣង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលសភាឣាស៊ី និងសិក្ខាកាមមកពីឣាស៊ាន និងតំបន់ផ្សេងៗ ចូលរួមប្រមាណជាង ៥០នាក់។

លោក ពិន ប្រាកដ ឣភិបាលរងខេត្តសៀមរាប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រី ឡោក ខេង ឣស់លោក លោកស្រី ដែលជាតំណាងសភាប្រទេសក្នុងតំបន់ ឣង្គការដៃគូរជាតិ និងឣន្តរជាតិ ដែលបានឣញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។ លោកបានបន្តថា ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដែលជាបញ្ហាប្រឈមទាំងនៅក្នុងតំបន់ និងសកលលោកទាំងមូល។

លោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាឣាស៊ី បានថ្លែងថា រយៈពេលពីរថ្ងៃនៅខេត្តសៀមរាប ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរដើម្បីពិភាក្សាអំពីប្រធានបទកង្វល់ទូទៅនៃជំងឺរាតត្បាត COVID-19 ក្នុងការប្រៀបធៀបតួនាទីដែលសភាសមាជិក AIPA ដើរតួនាទីក្នុងអំឡុងពេលឆ្លើយតប និងការស្តារឡើងវិញ និងបង្ហាញពីការអនុវត្តល្អបំផុត និងរឿងរ៉ាវជោគជ័យ ប៉ុន្តែបញ្ហាប្រឈម និងឧបសគ្គ ព្រមទាំងដំណោះស្រាយ រួមទាំងយន្តការតម្លាភាព និងគណនេយ្យភាព និងវិធានការបង្ការអំពើពុករលួយ និងអំពីរបៀប ដែលសមាជិកសភាត្រូវបំពេញតួនាទីជាតំណាង នីតិប្បញត្តិ និងការត្រួតពិនិត្យបន្ថែម ដើម្បីរួមចំនែកក្នុងការកែលំឣលទ្ធផល សម្រាប់ប្រជាពលរដ្ឋទាំងឣស់។ សិក្ខាសាលាពិគ្រោះយោបល់នេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសុវត្ថិភាពសាធារណ និងសុខុមាលភាពក្នុងពេលមានឣាសន្នផ្នែកសុខភាព និងគោលការណ៍នៃឣភិាលកិច្ចល្អ និងប្រសិទ្ធភាពតាមរយៈសកម្មភាពសភា។

លោកស្រី វេជ្ជបណ្ឌិត Li Ailan បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជនកម្ពុជា ការខំប្រឹងប្រែងទាំងក្នុង និងក្រៅវិស័យសុខាភិបាល និងដៃគូរសហការផ្សេងទៀត។ កម្ពជាទុកជាគំរូល្អ ដែល៧០% នៃចំនួនប្រជាជនកម្ពុជាបានចាក់វាក់សាំងនៅខែកញ្ញា ឆ្នាំ២០២១ ដែលបំពេញតាមគោលដៅរបស់(W H O) ដែលកំណត់រយះពេល៨ខែ ដែលជំងឺរាតត្បាតនេះ មិនមានដែនកំណត់និងក្រើនរំលឹកពីទំនាក់ទំនង សហការគ្នាទប់ស្កាត់ជំងឺនេះ។

ថ្លែងបើកសិក្ខាសាលាលោកស្រី ឡោក ខេង បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានេះយើងនឹងប្រើប្រាស់នូវកាលានុវត្តភាពនៃការផ្លាស់ប្ដូរយោបល់និងបទពិសោធន៍ ពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិល អំពីតួនាទី និងការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសគឺតួនាទីសភាក្នុងការលើកកម្ពស់ ការឆ្លើយតបប្រកបដោយបរិយាប័ន្ន និងចីរភាពចំពោះគ្រោះអាសន្នសុខាភិបាល និងដើម្បីរួមគ្នាធ្វើការអភិវឌ្ឍក្នុងការសិក្សាស្រាវជ្រាវចំណុចវិជ្ជមាន អវិជ្ជមានពីវិធីសាស្រ្តនានាដែលបានអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កន្លងមក ដើម្បីពង្រឹងយន្តការទាំងអស់ឲ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនាពេល អនាគតឱ្យមានភាពធន់ និងបរិយាប័ន្ន។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីប្រធាន បានធ្វើការចែករំលែកនៅគោលនយោបាយចម្បងៗដែលកម្ពុជាបានអនុវត្តក្នុងយុគសម័យកូវីដ និងការស្ដារឡើងវិញនូវសង្គម សេដ្ឋកិច្ច។ លោកស្រីបានបន្តថា កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានគតិបណ្ឌិតដឹកនាំ រឹងមាំរហ័សទាន់សភាពការណ៍ តាមរយៈធ្វើការយ៉ាងជិតស្និតជាមួយឣង្គការសុខភាពពិភពលោក រួមទាំងប្រើប្រាស់មធ្យោបាយ និងកម្លាំងសរុបទូទាំងប្រទេសមានដូចជា សភាបានឣនុម័តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ហើយតំណាងរាស្ត្រទាំងឣស់ឈរតាមមណ្ឌល ដើម្បីផ្សព្វផ្សាយ ព័ត៌មាន ហានិភ័យ វិធានការរដ្ឋបាល សុខាភិបាល និងដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតបតាមតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋ ពិសេសជនរងគ្រោះ។

ចំណែករាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការប្រឆាំងកូវីដ-១៩ ដែលមានសមាសភាពពាក់ព័ន្ធទាំងឣស់ ដឹកនាំដោយនាយករដ្ឋមន្រី្តផ្ទាល់ ដោយតាមដានត្រួតពិនិត្យយ៉ាងតឹងរឹង រហូតមានការបិតខ្ទប់ដើម្បីគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងឣនុវត្តគោលនយោបាយគាំពារសង្គម ការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនដល់គ្រួសារក្រីក្រ និងគ្រួសាររងផលប៉ះពាល់ពីកូវីដ-១៩ កម្មករ កម្មការី និងវិស័យសេវានានាជាដើម។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាល បានប្រើគោលនយោបាយស្រោច Vaccine ដើម្បីបង្កើតភាពសាំសហគមន៍ បានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យ និងអាចបើកប្រទេសឡើងវិញ ដោយភាពជឿជាក់និងប្រុងប្រយ័ត្នខ្ពស់។

លោកស្រី ឡោក ខេង បានបញ្ជាក់ថា វត្តមានរបស់លោក លោកស្រី ទាំងនៅទីនេះ និងពីចម្ងាយ គឺពិតជាបង្ហាញនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងតំបន់ រវាងសភា រាជរដ្ឋាភិបាល និងសង្គមស៊ីវិល គឺពិតជាមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីរិះរកនូវគោលនយោបាយ យុទ្ធសាស្រ្តនានា ក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈ និងសេដ្ឋកិច្ចចំពោះគ្រោះអាសន្ន និងកាស្តារឡើងវិញដែលមានភាពធន់ និងប្រកបដោយបរិយាបន្នទៅថ្ងៃអនាគត៕