(ភ្នំពេញ)៖ វិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី អិល ធី , សាលាបឋមសិក្សា និងមធ្យមសិក្សាអ៊ី អិល ធី និង សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ បាននាំយកនូវអំណោយសប្បុរសធម៌ ដែលបានមកពីការចូលរួមបរិច្ចាគ ពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត ទៅចែកជូនដល់ក្មេងៗកុមារកំព្រា នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រារខេត្តកំពង់ស្ពឺ។

លោកស្រី ប៉ុល សុខលី ប្រធានមជ្ឈមណ្ឌលកុមារកំព្រា និងជាអនុប្រធានមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ស្ពឺ បានសំដែងនូវសេចក្តីរំភើបរីករាយក្រៃលែង ចំពោះវត្តមាន លោកស្រី ជា នាងអេង ដែលជាសាកលវិទ្យាធិការ និងជាអគ្គនាយិការ អ៊ី អិល ធី ដែលបានមកសួរសុខទុក្ខ និងបាននាំយកនូវអំណោយយ៉ាងច្រើនមកជូនដល់មជ្ឈមណ្ឌល និងជូនកុមារកំព្រាចំនួន ១៤០នាក់។

លោកស្រី ជា នាងអេង បានឲ្យដឹងថា ក្នុងនាមជាស្ថាបនិក នៃគ្រឹះស្ថាន អ៊ី អិល ធី និងសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ថ្ងៃនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមកម្មវិធី មនុស្សធម៌ នៅមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ស្ពឺនៅថ្ងៃនេះ។ សកម្មភាពទាំងអស់នេះ គឺជាការចូលរួមចំណែកក្នុងសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល និងជាការលើទឹកចិត្ត ដើម្បីផ្តល់នូវភាពកក់ក្តៅដល់ ប្អូនៗក្មួយៗ។

លោកស្រី បានបន្ថែមទៀតថា ប្អូនៗ និងក្មួយៗ ត្រូវខិតខំរៀនសូត្រ ទាំងភាសាជាតិ និងភាសាអង់គ្លេស និងត្រូវខិតខំប្រឹងរៀនជំនាញ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ នៅពេលអនាគតរបស់ប្អូនៗ និង​ក្មួយៗទាំងអស់គ្នា។

សូមបញ្ជាក់ថាអំណោយសម្បុរសធម៌ ដែលបានមកពីការចូលរួមបរិច្ចាគពីសប្បុរសជនរួមមាន៖ឧបត្ថម្ភជូនមជ្ឈមណ្ឌលកុមារកំព្រា សៀវភៅសរសេរ សៀវភៅអាន ប៊ិច ខ្មៅដៃ ជ័រលុប សំលៀកបំពាក់មួយចំនួន ស្បែកជើង៩០គូ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ ១០យួរ មី២០កេស ទឹកសុទ្ធ២០កេស អង្ករ៨៥០គីឡូក្រាម និងថវិកា ១,៥០០,០០០ រៀល បន្ថែមទៀតផងដែរ។ជាងនេះ​ទៅទៀត ឧបត្ថម្ភបន្ថែមជូនកុមារកំព្រា ១៤០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៊ិច ជ័រលុប ខ្មៅដៃ និងប្រដាប់ខួង បន្ទាត់ ច្រាស់និងថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន នំកញ្ចប់ មីកញ្ចប់ និងទឹកក្រូច និងថវិការ ៦,០០០រៀល៕