​​(ពោធិ៍សាត់)៖ ​លោក ខូយ​ សុខា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ៅ​ ធនិន​ ​អភិបាលខេត្ត ព្រមទាំង​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត​ នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៦ បាន​អញ្ជើញចូលរួម​ពិធីបុណ្យ​ឡើងរោង​ លោកតា​ឧកញ៉ា ឃ្លាំង មឿង និង​ ​លោកជំទាវ ខាន់ ខៀវ ទៅ​តាម​គន្លង​ព្រះពុទ្ធសាសនា​ និង​​ព្រហ្មញ្ញសាសនា​ ​នៅ​បូជនីយដ្ឋាន​ឧកញ៉ា ដែលចម្ងាយប្រមាណ​៥គីឡូម៉ែត្រពីទីរួមខេត្ត​ និង​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។

ពិធីនោះ ក៏មានការចូលរួមរបស់ប្រពលរដ្ឋ​ប្រមាណ​ជិត ២ពាន់នាក់​ ​បានចូលរួម​និង​រាប់បាត្រ​ព្រះសង្ឃ ១៥០​អង្គ​ និមន្តមកពីវត្តចំនួន​៩​ផងដែរ។​

​លោក ម៉ៅ សោភ័ណ្ឌ​ ​ជា​អ្នកគ្រប់គ្រង​បូជនីយដ្ឋាន​ បាន​រាយការណ៍​ពី​ការកសាង ការអភិវឌ្ឍន៍ និង​បាន​ជម្រាប​ជូន​ អំពីប្រាក់ចំណូល​ សម្រាប់​ធ្វើកា​រ​រៀបចំ​កសាង​កែលម្អ​បូជនីយដ្ឋាន​នេះ​ ​។ លោក​បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ​ទាំង​អាជ្ញាធ​រ​ ទាំង​ប្រជាពលរដ្ឋ​ ​ក្នុងនិង​ក្រៅ​ខេត្ត តែងតែ​មកកាន់​បូជនីយដ្ឋាន​ ​លោកតា​ឧកញ៉ា ឃ្លាំង មឿង និង​​លោកជំទាវ ខាន់ ខៀវ ដើម្បី​មក​ចូលរួម​ធ្វើ​បុណ្យ ក្នុង​គោលបំណង​សុំ​សេចក្តីសុខ​ចម្រើន នាំមក​នូវ​ភោគផល​ស្រូវ​ដំណាំ និង​លាភ​សក្ការ​ដល់​សង្គមជាតិ និង​ក្រុមគ្រួសារ​។​

បើតាមតំណាលរឿងព្រេង​ ​លោកតា​ឧកញ៉ា ឃ្លាំង មឿង និង​លោកជំទាវ ខាន់ ខៀវ ចាត់ទុក​ជា​វរជន​ស្នេហា​ជាតិ​ខ្លាំងពូកែ​ ក្នុងការ​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​ចោរ​សៀម ការពារ​ទឹកដី​​។ រូបរាងកាយ​លោកតា​ឧកញ៉ា និង​​លោកជំទាវ​ បាន​លាចាក​លោក ទៅ​ក៏​ពិតមែន ប៉ុន្តែ​ភាពល្បីល្បាញ​ និង​ភាព​ស័ក្តិសិទ្ធិ​ បាន​ដក់​ជាប់​នៅក្នុង​អារម្មណ៍​ របស់​ប្រជាជនទូទាំង​ខេត្ត​ ក៏​ដូច​ទូទាំង​ប្រទេស និង​ ​បាន​នាំគ្នា​មក​គោរពបូជា​ ជារៀងរាល់​ឆ្នាំ​ មិន​ដែល​អាក់ខាន​ឡើយ​។ ​ដោយសារ​បារមី​នេះហើយ ទើបថ្នាក់ដឹកនាំ​ខេត្ត​ ព្រមទាំង​ប្រជាពលរដ្ឋក្នុងខេត្ត​ពោធិ៍សាត់​ ​បាន​បួងសួងសុំ​ឱ្យ​ឆ្នាំនេះ​ មាន​ទឹកភ្លៀង​គ្រប់គ្រាន់​ សម្រាប់​ការងារ​ដាំ​ដុះ​គ្មាន​គ្រោះមហន្តរាយ៕