(ភ្នំពេញ)៖ លោក ឈា ឡាយហ៉ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាប្រែក្លាយវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម (SMEs) បែបគ្រួសារ ទៅជា SMEs បែបឧស្សាហកម្ម ដើម្បីជួយរុញកំណើន និងធានាដល់និរន្ដភាពសេដ្ឋកិច្ចជាតិ។
ក្នុងសន្និសីទសារព័ត៌មាន «សមិទ្ធផលរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ លោក ឈា ឡាយហ៉ី បានអះអាងថា បច្ចុប្បន្ននេះក្រសួងបានសម្រេចបាននូវសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដែលគាំទ្រវិស័យនេះដោយផ្ដោតទៅលើការគាំទ្រផ្នែកបច្ចេកទេស និងពង្រឹងសមត្ថភាព។
លោកបានថ្លែងយ៉ាងដូច្នេះថា «ក្រោយដំណាក់កាលកូវីដនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍មួយចំនួន ជាពិសេសចង្អុលបង្ហាញមកក្រសួងឧស្សាហកម្ម យើងសម្រេចបាននូវសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាគោលនយោបាយមួយគាំទ្រសហគ្រាសធុនតូច និងមធ្យម ដោយផ្ដោតទៅលើការកសាងក្របខ័ណ្ឌច្បាប់នយោបាយ គាំទ្រផ្នែកបច្ចេកទេស ធ្វើយ៉ាងណាពង្រឹងសមត្ថភាព SMEs ដោយអភិវឌ្ឍន៍ចេញពី SMEs បែបគ្រួសារ ឲ្យទៅជា SMEs បែបឧស្សាហកម្ម»។
សូមជម្រាបថា មូលដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាលគិតត្រឹមខែកក្កដា ឆ្នាំ២០២២ សរុបមានចំនួន៤៣,៨១៣មូលដ្ឋាន និងបានបង្កើតការងារបានចំនួន ៤៤២,៨៣៨នាក់ មានការកើនឡើងចំនួន៤៤២៣មូលដ្ឋាន បើប្រៀបធៀបកាលពីមុនឆ្នាំ២០១៧ គិតជាភាគរយ១១,២២% និងចំនួនពលកម្មមានការកើនឡើងចំនួន ២៤៣,៥១៩នាក់បើប្រៀបធៀបឆ្នាំ២០១៧ បើគិតជាភាគរយ១២២,១៧%។ សម្រាប់ដើមឆ្នាំ២០២២ គិតត្រឹមខែកក្កដា មូលដ្ឋានបង្កើតថ្មីមាន ចំនួន១០៣មូលដ្ឋាន ដែលបានបង្កើតការងារចំនួន១,៤១២នាក់។
ក្នុងបរិបថនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្របខណ្ឌតំបន់ និងពិភពលោក មានការរីកចម្រើនខ្លាំង តាមរយៈការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបៗ ដូចនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសហគ្រាស ធុនមីក្រូ តូច និងមធ្យម ជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់អភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងសង្គម ពីព្រោះវិស័យនេះមាន លក្ខណៈអន្តរសកម្មភាពច្រើន ងាយបត់បែន និងសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅតាមកាលៈទេសៈ នៃការអភិវឌ្ឍ បច្ចេកវិទ្យា។
ក្នុងន័យនេះ ក្រសួង ស្ថាប័នទទួលបន្ទុកសហគ្រាសធុនតូច និងមធ្យម ត្រូវពិនិត្យការពង្រឹងក្របខណ្ឌ និងយន្តការ អភិវឌ្ឍសហគ្រាសឡើងវិញ ពិសេសបន្ទុកអនុលោមភាពរបស់សហគ្រាស និងការរៀបចំការចុះបញ្ជី ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាស ទាំងនោះទទួលបានព័ត៌មានពីឥណទាន ការផ្ទេរបច្ចេកវិទ្យា ទីផ្សារ និងការពិគ្រោះយោបល់ ផ្នែកធុរកិច្ច ដើម្បីពង្រីកសកម្មភាពផលិតកម្ម អាជីវកម្ម និងសេវាកម្ម និងការវិយោគលើវិស័យនេះ ព្រមទាំងពង្រឹង ការគ្រប់គ្រងនិងការតាមដានវឌ្ឍនភាពនៃវិស័យនេះ។
កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបន្ថែមមូលនិធិ ចំនួន១០០លានដុល្លារ សម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ការគាំទ្របន្ថែមដល់វិស័យ SMEs, វិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្ម។
ចំពោះការបន្ថែមនូវថវិកាចំនួន១០០លានដុល្លារនេះ លោក ឈា ឡាយហ៉ី បានមើលឃើញថា ដោយសារការទម្លាក់ថវិកាពីដើមទីមកទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់កញ្ចប់ថវិកានោះ ទាមទារឲ្យរាជរដ្ឋាភិបាលទម្លាក់ថវិកាបន្ថែមទៀត ដើម្បីទ្រទ្រង់ និងជួយដល់វិស័យ SMEs។ កញ្ចប់ថវិកានេះ មិនជួយតែចំពោះផ្នែកកម្មន្ដសាលនោះទេ គឺសេវាកម្មគ្រប់ផ្នែកទាំងអស់ ហើយជាពិសេសមានផ្នែកមួយ សម្រាប់សហគ្រិនស្ដ្រី។
លោកប្រធាននាយកដ្ឋានបានបង្ហាញនូវជំហរយ៉ាងមុតមាំ ក្នុងការចូលរួមជំរុញវិស័យសហគ្រានធុនតូច និងមធ្យម ព្រោះវិស័យនេះជាខឿនសេដ្ឋកិច្ចជាតិ។ ជាពិសេសខិតខំប្រឹងប្រែងស្ដារឡើងវិញ ចំពោះអ្នកដែលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយជាពិសេសក្នុងពេលឆាប់ៗខាងមុខនេះ នឹងបង្កើតនូវមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រានធុនតូច និងមធ្យម ក្រោមការគាំទ្រដោយរដ្ឋាភិបាលកូរ៉េ។
លោក ឈា ឡាយហ៉ី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬផលិតករទាំងអស់ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងករណីចង់បានព័ត៌មាន ឬសាកសួរបន្ថែមសូមទំនាក់ទំនងទៅកាន់ផេករបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ផេកនាយកដ្ឋានសហគ្រានធុនតូច និងមធ្យម, ផេក KhmerSME ដែលត្រៀមបម្រើដល់ប្រជាពលរដ្ឋជានិច្ច៕