(កំពង់ធំ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ និងកំពូលតារាចម្រៀង មាស សុខសោភា បានបង្ហាញក្តីសង្ឃឹមចង់ឱ្យអ្នកមានឥទ្ធិពលលើបណ្តាញសង្គម សិល្បករ សិល្បការិនី ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យកាន់ផុសផុលបន្ថែមទៀតដល់អ្នកគាំទ្រពីប្រយោជន៍នៃធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់មនស្សជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យនៅខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ការចូលរួមជាមួយសិល្បករ សិល្បការិនី គឺជាផ្នែកមួយដែលសំខាន់ដោយសាតែសិល្បករ សិល្បការិនី មានអ្នកគាំទ្រច្រើន ដូច្នេះ ការអំពាវនាវពីសំណាក់ពួកគាត់ទៅកាន់អ្នកគាំទ្រ អាចមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាយបន្ថែមទៀត ដែលនេះជាវិធីសាស្ត្រចម្រុះដើម្បីផ្សព្វផ្សាយពីប្រយោជន៍នៃធនធានធម្មជាតិ និងសត្វព្រៃ បន្ថែមលើមន្ត្រីរាជរដ្ឋាភិបាល។

មន្ត្រីរាជរដ្ឋាភិបាល សិល្បករ សិល្បការិនី សុទ្ធតែមានតួនាទីផ្សេងៗគ្នា ប៉ុន្តែ បំពេញឱ្យផលប្រយោជន៍រួមសម្រាប់ជាតិ ដូចជាយុទ្ធនាការអន្ទាក់សូន្យនេះ ក្រសួងបរិស្ថានដឹកនាំធ្វើ គឺធ្វើទិសដៅការពារសត្វព្រៃ ឱ្យបានអង្គការដៃគូដែលចូលរួមជាមួយក៏មានគោលដៅ ធ្វើយ៉ាងឱ្យធនធានធម្មជាតិត្រូវបានការពារ ក្នុងព្រៃត្រូវតែមានសត្វព្រៃ អ្នកនាង មាស សុខសោភា អញ្ជើញចូលរួមគឺក្នុងទិសដៅតែមួយ ដើម្បីធ្វើយ៉ាងម៉េចកាត់បន្ថយអន្ទាក់។ នេះជាការលើកឡើងបន្ថែមរបស់លោក នេត្រ ភក្ត្រា។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់ គឺជាធាតុផ្សំធ្វើឱ្យយុទ្ធនាការអន្ទាក់សូន្យ និងកិច្ចការងាររបស់យើងអាចទទួលបានជោគជ័យ ហើយនេះក៏ជាការបញ្ជាក់អំពីសាមគ្គីភាព រវាងរាជរដ្ឋាភិបាល រវាងអង្គការក្រៅរដ្ឋាភិបាល សង្គមស៉ីវិលជាដៃគូ រវាងសិល្បករ សិល្បការិនី ដែលជាប្រជាពលរដ្ឋម្នាក់ក៏គាត់មានតួនាទីសំខាន់ក្នុងការចូលរួមជាមួយរដ្ឋាភិបាល លើការកៀរគរអ្នកគាំទ្រគាត់ឱ្យចូលរួម […] ប្រសិនបើមានការចូលរួមសិល្បករ សិល្បការិនី ឬក៏អ្នកមានឥទ្ធិលពលនានា ដែលមានអ្នកគាំទ្រចូលរួមកាន់តែច្រើន យើងជឿជាក់ថា ជ័យជម្នះរបស់យើងលើយុទ្ធនាការនេះ ក៏កាន់តែឆាប់រហ័សដែរ»

ចំណែក អ្នកនាង មាស សុខ សោភា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបញ្ឈប់ការដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ សំដៅចូលរួមថែរក្សាធនធានធម្មជាតិ។ អ្នកនាងថា ការទិញការបរិភោគសត្វសាច់ព្រៃ គឺជាការជំរុញឱ្យមានការដាក់អន្ទាក់សត្វព្រៃនៅ ក្នុងដែនអភិរក្សរបស់កម្ពុជា។

អ្នកនាង មាស សុខសោភា «បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ គ្នាចូលរួមយុទ្ធនាការអន្ទាក់សូន្យ និងបញ្ឈប់រាល់សកម្មភាពទាំងឡាយ នៃការ ដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃ គ្រប់រូបភាព។ តារាចម្រៀងល្បីឈ្មោះរូបនេះ ក៏បានប្តេជ្ញាចិត្ត ក្នុងការបំផុស និងផ្សព្វផ្សាយសាធារណៈជន ពិសេសផ្តើម ពីអ្នកគាំទ្រអ្នកនាង នៅតាមបណ្តាញសង្គម និងរូបភាពផ្សងទៀត។ អ្នកនាង មានគម្រោងគៀគរអ្នកគាំទ្ររបស់ខ្លួន ចូលរួមយុទ្ធនាការអភិរក្សធនធានធម្មជាតិ ទ្រង់ទ្រាយធំ នៅពេលខាងមុខ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ»

សូមជម្រាបថា ឆ្នាំ២០២១ កន្លងទៅ មន្ត្រីឧទ្យានុរក្ស បានធ្វើការដោះអន្ទាក់ពីដែន ជម្រកសត្វព្រៃទូទាំងប្រទេសបានចជាង៦ម៉ឺនអន្ទាក់ ហើយអន្ទាក់ត្រឹម២០ ភាគរយប៉ុណ្ណោះ ដែលត្រូវបានដោះចេញពីក្នុងព្រៃ។ អន្ទាក់នៅតែជាឃាតករលាក់មុខ មិនត្រឹមតែតាមយាយីជីវិតសត្វប៉ុណ្ណោះទេ ប៉ុន្តែក៏អាចសម្លាប់ជីវិត មនុស្សផងដែរ។ របាយការណ៍របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ បានបង្ហាញថា ក្នុងឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្ត បានធ្វើការបង្ក្រាបបទល្មើសធានធានធម្មជាតិ បានចំនួន១១៤១ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅកាន់តុលាការបាន ចំនួន៧៩ករណី ដែលមានជនល្មើសចំនួន៩០នាក់។

ដោយឡែកបទល្មើសសត្វព្រៃ មន្ទីរបរិស្ថានខេត្ត បានរើអន្ទាក់បានចំនួនជាង១៨០០អន្ទាក់ ដកហូតអាវុធ កែច្នៃ៦០ និងលែងសត្វព្រៃ២៥ក្បាល។ ការដាក់អន្ទាក់ក្នុងតំបន់ការពារធម្មជាតិ មានការកើនឡើង៥៥ភាគរយឆ្នាំ២០២១ ប៉ុន្តែឆមាសទី១ ឆ្នាំ២០២២នេះ ការ បរបាញ់សត្វ ការដាក់អន្ទាក់សត្វបានថយចុះ៧៥ភាគរយធៀបនឹងឆ្នាំ២០២១៕