(ភ្នំពេញ)៖ សមាជិករដ្ឋសភា បានសម្រេចបោះឆ្នោត ជ្រើសតាំង លោក ខៀវ មុត ជាសមាជិកព្រឹទ្ធសភា លើសំឡេងគាំទ្រ៦៨ លើ៦៨ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៥ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ គឺដឹកនាំប្រជុំ ដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

គួរបញ្ជាក់ថា របៀបវារៈដែលត្រូវពិភាក្សាក្នុងសម័យប្រជុំរួមមាន៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន១រូប, ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី យុត្តិធម៌អនីតិជន និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល ហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ៕