(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ បានផ្តល់ដីស្រែ និងថែមផ្តល់គោយន្តមួយគ្រឿងទៀត ជូនដល់ ប្រជាពលរដ្ឋមួយគ្រួសារ ស្ថិតនៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ដើម្បីបង្កើន ជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននាំយកគោយន្តទៅប្រគល់ជូន ប្រជាពលរដ្ឋមួយគ្រួសារនេះ ក្រោយពេលដែលពួកគាត់នៅតែមានកម្រិតជីវភាព មិនទាន់សមប្រកប បើទោះបីកាលពីពេលកន្លងទៅ ពួកគាត់បានទទួលដីស្រែ និងត្រូវបានសាងសង់ផ្ទះជូនក៏ដោយនោះ។

លោក អាត់ ខែម បានថ្លែងថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាននោះលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្រេចផ្តល់គោយន្តមួយគ្រឿងទៀត ជូនពួកគាត់ ដែលនេះជាការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ លើជីវភាព ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ។ សម្រាប់ខេត្តបន្ទាយមានជ័យ លោក កែ គឹមយ៉ាន បានដាក់គោលដៅថា ផ្ទះរបស់ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ត្រូវប្រែក្លាយពីប្រកស្លឹក និងស្បូវ ទៅជាប្រកស័ង្កសីទាំងអស់៕