(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងនៅក្នុងសន្និសីទព័ត៌មាននៅម៉ោងប្រមាណ១១៖២០នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះថា ការដង្ហែញត្តិថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹង ធ្វើឡើងដូចការគ្រោងទុកនៅម៉ោង ២រសៀលថ្ងៃនេះ បើទោះបីសាលារាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយនោះ។

លោក អេង ឆៃអ៊ាង បានឲ្យដឹងថា ការដង្ហែនេះនឹងដឹកនាំដោយតំណាងរាស្រ្ត មកពីគណបក្សសង្រ្គោះជាតិ តាមរថយន្តប្រមាណ១០-២០គ្រឿង ហើយក៏មានការចូលរួមពីតំណាងប្រជាពលរដ្ឋមកពីតាមរាជធានី-ខេត្តផងដែរ។ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ញត្តិ ដែលដង្ហែនេះ គឺតំណាងឲ្យមេដៃប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់។

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះថា លោកមិន អនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិដង្ហែញត្តិនោះឡើយ។ ការមិនអនុញ្ញាតដោយយោងលើហេតុផលមួយចំនួនរួមមាន៖ ១. ការពាក្យស្នើសុំមានភាពប្រថុចញ៉ុច ពោលសុំពេលព្រឹក ធ្វើពេលល្ងាច ផ្ទុយពីច្បាប់ ដែលបានកំណត់, ២. ពាក្យពេចន៍ នៃការស្នើសុំ ដូចជាធ្វើរដ្ឋប្រហារធម្មនុញ្ញ និងរំលោភលើចំណាត់ការរបស់តុលាការ និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ព្រោះអាចមានការប៉ះទង្គិចរវាងអ្នកប្រឆាំង និងអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ៕