(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្បែរសួនច្បារមួយកន្លែង រាងត្រីកោណ ស្ថិតក្នុងនៅខណ្ឌ៧មករា ពោលនៅខាងត្បូងផ្សារឌុយមិច ដែលជាដីសាធារណៈរបស់រដ្ឋ តាំងពីដើមអើយមកនោះ ស្រាប់តែឥឡូវនេះ ត្រូវគេកំពុងរំលោភទៀតហើយ ពោលកំពុងតែសង់សំណង់រឹងមួយ យ៉ាងច្រង៉ាងតែម្តង។

ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានថតរូប និងផ្ញើមកកាន់ការិយាល័យអង្គភាព Fresh News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ចង់ឲ្យចុះផ្សាយ ដើម្បីដឹងដល់អភិបាលក្រុង ជាពិសេសលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ជួយអន្តរាគមន៍ និងចាត់វិធានការផងដែរ បើមិនដូច្នេះទេ សួនច្បារសាធារណៈរបស់រដ្ឋ នឹងត្រូវរលាយបាត់ទៀតហើយ។

បើតាមប្រជាពលរដ្ឋខាងលើនេះ បានលួចទម្លាយថា សម្រាប់ម្ចាស់សំណង់វិញ គឺជាមន្រ្តីជាន់ខ្ពស់នៅខណ្ឌ៧មករាតែម្តង ដែលសូម្បីតែអភិបាលខណ្ឌ និងមន្រ្តីជំនាញក៏មានហ៊ានធ្វើអីដែរ ពោលបានត្រឹមតែនាំគ្នាសម្ងំឈឹង ដោយអនុញ្ញាតឲ្យសំណង់ដ៏រឹងមំានេះ បន្តដំណើរការដោយរលូនតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបាននិយាយថា ពីមុនដីសួនច្បារមួយនេះ ដែលមានក្បាលមុខខ្ទង់៣០ម៉ែត្រ និងបណ្តោយ (ក្បាលធំកន្ទុយតូច គឺរាងត្រីកោណ) ប្រមាណ៦០ម៉ែត្រ ត្រូវគេជួលពីរដ្ឋ ដាក់កន្លែងលាងឡាន ម៉ូតូ តែកាលពីដើមឆ្នាំនេះ ម្ចាស់ទីតាំង ដូចជាបានប្រគល់ទៅអាជ្ញាធរវិញហើយ។

ប៉ុន្តែមួយរយៈថ្មីៗនេះ ស្រាប់តែមានគេមកសង់សំណង់រឹង លើដីសួនច្បារនេះទៅវិញ ដោយមិនមានការចុះហាមឃាត់ពីសំណាក់អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញនោះទេ ខណៈការសាងសង់នេះ បានដំណើរការបានមិនទាន់ដល់១ខែផង។ ប្រជាពលរដ្ឋសង្ឃឹមថា សំណង់រឹងដែលសង់លើសួនច្បារ ជាដីសាធារណៈរបស់រដ្ឋ ទាំងបំពាន និងខុសច្បាប់ខាងលើនេះ នឹងត្រូវចាត់ការភ្លាមៗ ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសលោករដ្ឋមន្រ្តី កណ្តាប់ដៃដែក ជា សុផារ៉ា។

បើមិនចឹងទេកុំថា ដីសួនច្បារមួយនេះ សូម្បីតែដីសាធារណៈរបស់រដ្ឋផ្សេងទៀត នៅក្នុងក្រុងគង់តែមានអ្នករំលោភដូចគ្នាចឹង។ យ៉ាងណាក៏ដោយ គេមិនដឹងថា តើសំណង់ដ៏រឹងមាំមួយនេះ នឹងត្រូវសាងសង់ជាផ្ទះ ឬទីតាំងអ្វីនោះទេ៕