(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដោយសារស្រូវទុំហើយត្រូវទឹកជំនន់ជន់ឡើងជាបន្តបន្ទាប់ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានចាត់តាំងលោកវរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងខេត្ត សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់កោះពងសត្វ និងអាជ្ញាធរមូលដ្ឋាន ចុះជួយប្រមូលផលស្រូវទុំ ជូនប្រជាពលរដ្ឋឈ្មោះ ប៉ី តាកស៊ី អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ធុំ ធីន រស់នៅក្នុងភូមិអង្គាបុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ម្ចាស់ស្រូវ បានថ្លែងអំណរគុណកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលបានចុះជួយប្រមូលផលជូនគាត់ បានទាន់ពេលវេលា ជាពិសេសគាត់បានថ្លែងអំណរគុណលោកឧត្តមេសេនីយ៍ត្រី ជឹម ប៊ុនអាន ដែលតែងតែចាត់តាំងកងកម្លាំងក្រោមឱវាទ ចុះជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសចំពោះក្រុមគ្រួសារគាត់ក្នុងពេលនេះជាដើម។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានថ្លែងថា គ្រប់បណ្តាអង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យទាំងអស់ ត្រូវត្រៀមរៀបចំកងកម្លាំង ដើម្បីជួយសង្គ្រោះដល់ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ និងជួយច្រូតកាត់ប្រមូលផលស្រូវរបស់បងប្អូននៅតាមបណ្ដាស្រុកមួយចំនួន ដែលរងផលប៉ះពាល់ ដើម្បីជួយដល់ប្រជាកសិកររបស់យើង កុំឱ្យមានការខាតបង់ច្រើន៕