(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានប្រកាសថា ខ្លួននឹងចាត់វិធានការគ្រប់យ៉ាងដើម្បីធានាឲ្យបាន នូវការដោះលែងអ្នកកាសែតជប៉ុនម្នាក់ ដែលត្រូវបានក្រុមភេរវករអាលកៃដា ចាប់ជម្រិតនៅក្នុងប្រទេសស៊ីរី ប្រកបដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។

ការថ្លែងរបស់រដ្ឋាភិបាលជប៉ុនខាងលើនេះ ​បានកើតឡើងបន្ទាប់ពីរូបភាពមួយសន្លឹករបស់អ្នកកាសែត ជប៉ុនឈ្មោះ Jumpei Yasuda ឈរកាន់ផ្ទាំងក្រដាសពណ៌សមួយ ដែលសរសេរអក្សរជប៉ុនពណ៌ខ្មៅ នៅលើនោះ មានន័យស្នើសុំយ៉ាងទទូចឲ្យរដ្ឋាភិបាលជួយរំដោះខ្លួនលោក ចេញពីចំណាប់ខ្មាំងវិញ។ អត្ថន័យរបស់ Yasuda នោះត្រូវបានបកប្រែដូច្នេះថា «សូមជួយខ្ញុំផង! នេះជាឱកាសចុងក្រោយរបស់ខ្ញុំហើយ»។

គួរបញ្ជាក់ថា ការចាប់ខ្លួនលោក Yasuda បានបង្កការភ្ញាក់ផ្អើលនិងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង កាលពីខែមីនា ដោយពីដំបូងលោកបានត្រូវបានក្រុមភេរវករថតវីដេអូ ដែលលោកអង្គុយអានសារមួយ រួចផ្ញើទៅកាន់គ្រួសារ និងរដ្ឋាភិបាលជប៉ុន។ តាមពិតទៅលោកត្រូវបានភេរវករចាប់ខ្លួនតាំងពីខែមិថុនា ឆ្នាំ ២០១៥ មកម្ល៉េះ បន្ទាប់ពីបានឆ្លងដែនពីតួកគីចូលមកកាន់ស៊ីរី៕