(ភ្នំពេញ)៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) លោកបណ្ឌិត ជេត ជាលី បានគូសបញ្ជាក់ថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនបង្រៀនតែឯកទេសភាសាវៀតណាមប៉ុណ្ណោះទេ តែក៏បានបង្រៀនឯកទេសភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន និងថៃ ហើយក៏គ្រោងបើកបង្រៀនឯកទេសភាសាផ្សេងៗទៀតផងដែរ។ លោកសាកលវិទ្យាធិការ បានសង្កត់ធ្ងន់ថា ការចេះភាសារបស់ប្រទេសណាមួយមិនមែនជារឿងអត់ប្រយោជន៍ទេ ហើយក៏ជួយឱ្យយល់ដឹងពីប្រទេសនោះកាន់តែច្បាស់ផងដែរ។

ការចេញមកបញ្ជាក់របស់លោកបណ្ឌិត ជេត ជាលី បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលទទួលបានព័ត៌មានថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងបើកបង្រៀនឯកទេសភាសាវៀតណាម។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ លោក ង្វៀន វ៉ាន់ ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់វៀតណាម បានស្នើកម្ពុជា ពន្លឿនការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជាការរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងកម្ពុជា និងវៀតណាម។

ដោយសារបញ្ហាជម្លោះ និងរឿវរ៉ាវក្នុងប្រវត្តិសាស្ត្រ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មិនសប្បាយចិត្តនោះឡើយ ចំពោះព័ត៌មានបើកការបង្រៀនឯកទេសភាសាវៀតណាម នៅសាកលវិទ្យាល័យរបស់រដ្ឋដ៏ចំណាស់ជាងគេមួយនេះ។

ដោយឡែកអ្នកមាននិន្នាការនយោបាយមួយចំនួនទៀត បានព្យាយាមបំភ្លៃព័ត៌មាន និងវត្ថុបំណងដើមនៃការបើកបង្រៀនឯកទេសភាសាវៀតណាមនេះថា ជាល្បិចកិច្ចកលរបស់វៀតណាម ក្នុងការធ្វើអាណានិគមលើកម្ពុជាជាដើម។

លោកបណ្ឌិត ជេត ជាលី បានច្រានចោលនូវទស្សនៈខុសឆ្គងខាងលើនេះ។ លោកសាកលវិទ្យាធិការ បានប្រាប់ Fresh News នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះថា ការបង្កើតឱ្យមានដេប៉ាដឺម៉ង់ភាសាបរទេសនៅកម្ពុជា មិនមែនជារឿងថ្មីនោះទេ។ គ្រឹះស្ថានឧត្តមសិក្សាដែលត្រូវបានបង្កើតតាំងពីឆ្នាំ១៩៦០ មានបង្រៀនភាសាបរទេសជាច្រើនរួចមកហើយ។

លោកបណ្ឌិតបញ្ជាក់ថា «យើងមានបង្រៀនភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន ថៃ។ យើងគ្រោងបើកបង្រៀនភាសាដទៃទៀត ទៅតាមលទ្ធភាព និងសមត្ថភាពដែលសាកលវិទ្យាល័យយើងអាចធ្វើបាន»

បើតាមលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានគម្រោងកិច្ចសហការជាមួយប្រទេសវៀតណាម តាមរយៈការបង្កើតដេប៉ាតឺម៉ងសិក្សាវៀតណាម ដែលនឹងផ្តល់បរិញ្ញាបត្រលើ ៣មុខជំនាញ រួមមាន៖

១៖ មុខជំនាញសិក្សាភាសាវៀតណាម (Vietnamese Studies)
២៖ មុខជំនាញការបកប្រែភាសាវៀតណាម (Vietnamese Translation and Interpretation)
៣៖ មុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច (Vietnamese Business Communication)។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាបរទេសនៅកម្ពុជា មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ ជាមួយបណ្តាប្រទេសជាមិត្ត តាមរយៈការលើកកម្ពស់ការរៀន និងបង្រៀន នៅកម្រិតឧត្តមសិក្សា និងទិដ្ឋភាពពាក់ព័ន្ធដទៃទៀត។

លោក រស់ សុវាចា បានឲ្យដឹងទៀតថា តាំងពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២១ មានខ្មែរទទួលបានអាហាររូបករណ៍នៅវៀតណាម ចំនួន ៣,៩៦៧នាក់ ស្រី ៥១៨នាក់។

ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនេះ ក៏ជាការផ្តល់ឱកាសឱ្យនិស្សិតទទួលបានអាហារូបករណ៍ បានរៀនសូត្រភាសាវៀតណាម មុននឹងចេញទៅរៀននៅវៀតណាម ដើម្បីបង្កភាពងាយស្រួលដល់ពួកគេក្នុងការសិក្សានៅប្រទេសវៀតណាមផងដែរ។

ដេប៉ាតឺម៉ង់ភាសាវៀតណាម ក៏អាចជួយបណ្តុះបណ្តាលឯកទេសភាសាវៀតណាម ដល់និស្សិតកម្ពុជា ដើម្បីបំពេញការងារតាមសេចក្តីត្រូវការក្នុងវិស័យនានាទាំងស្ថាប័នរដ្ឋ និងឯកជន។ ក្រោមកិច្ចសហការរវាងវិស័យអប់រំរវាងកម្ពុជា និងប្រទេសជាមិត្ត ក៏មានប្រទេសជាច្រើនបានបញ្ជូននិស្សិតរបស់ពួកគេមករៀនភាសាខ្មែរ ដើម្បីយកទៅប្រើប្រាស់ក្នុងតម្រូវការផ្សេងៗទាំងស្ថាប័នរដ្ឋ និងឯកជន រួមមានទាំងការងារបកប្រែផងដែរ។

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត ជេត ជាលី បានឲ្យដឹងថា នៅប្រទេសមួយចំនួនដូចជាបារាំង ជប៉ុន ចិន វៀតណាម ក៏មានបង្រៀនភាសាខ្មែរផងដែរ។

ចំពោះការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម នៅកម្ពុជានេះដែរ ត្រូវបានលោកបណ្ឌិត ជេត ជាលី ពន្យល់ថា «មានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការចេះដឹងភាសាបរទេសពិសេសភាសាធំៗអន្តរជាតិ ដែលប្រើប្រាស់នៅអង្គការសហប្រជាជាតិ និងភាសាប្រទេសជិតខាងក្នុងតំបន់យើងផ្ទាល់»

លោកបន្ថែមថា ប្រទេសជាមិត្តជាច្រើនបានផ្តល់អាហាររូបករណ៍ដល់យុវជនកម្ពុជា។ មុនចេញដំណើរអ្នកជាប់អាហារូបករណ៍ទាំងនោះ នឹងរៀនភាសាប្រទេសនោះជាមុន ដើម្បីជាដើមទុន និងជាគ្រឹះក្នុងការសិក្សាជំនាញនៅប្រទេសគេជាភាសាគេ។ ករណីបែបនេះ ក៏នឹងត្រូវមានចំពោះនិស្សិតត្រូវទៅរៀននៅវៀតណាមផងដែរ។

លោកបន្ថែមថា ដេប៉ាតឺម៉ង់សិក្សាវៀតណាម នឹងបង្រៀននិស្សខ្មែរ ដែលបានអាហារូបករណ៍ត្រូវទៅរៀននៅវៀតណាម ឲ្យមានការយល់ដឹងភាសាវៀតណាមខ្លះៗមុនចេញដំណើរ។ នេះជាប្រយោជន៍ចំបងសម្រាប់និស្សិត។ សាកលវិទ្យាល័យ ទទួលបណ្តុះបណ្តាលនិស្សិតទៅប្រទេសជាច្រើន មុនពេលពួកគេចេញទៅរៀននៅប្រទេសទាំងនោះ។

លោកបណ្ឌិត គូសបញ្ជាក់ថា «ការចេះភាសា និងដឹងច្បាស់ពីប្រទេសណាមួយមិនមែនជារឿងឥតប្រយោជន៍ ឬខាតបង់នោះទេ។ យើងត្រូវស្គាល់គេឱ្យច្បាស់ជារឿងល្អបំផុត។ កន្លងមកបរទេសស្គាល់ ដឹង យល់ពីខ្មែរស្ទើរគ្មានសល់អាថ៌កំបាំង តែយើងមិនសូវយល់ស៉ីជម្រៅពីគេសោះ។ យើងគួរសិក្សាពីគេឯងឲ្យស៉ីជម្រៅទើបជារឿងប្រសើរ»