(កណ្តាល)៖ ការពិត នៃករណីក្មេងស្ទាវកាប់គ្នានៅមុខសាលាដំបូងខេត្តកណ្ដាល ផ្ដើមចេញពីការសងសឹកគ្នា ព្រោះក្រុមជនរងគ្រោះជាអ្នកបង្កមុន រីឯជនសង្ស័យម្នាក់ដែលបានកេណ្ឌគ្នា១២នាក់មកវាយប្រហារនោះ ត្រូវបានតុលាការកាត់ទោស និងបក្ខពួក១១នាក់ផ្សេងទៀត កំពុងត្រូវបានស្រាវជ្រាវតាមចាប់ខ្លួន ក្រោយរងបណ្ដឹងពីជនរងគ្រោះ ។

ជនសង្ស័យម្នាក់ត្រូវបានតុលាការខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ និងឃុំខ្លួន ក្រោយបើកឆាកកាប់ប្រហារទៅលើជនរងគ្រោះជាគូរបដិបក្ខឲ្យរបួសធ្ងន់ចំនួន២នាក់ ខណ:ដែលបក្ខពួកជនដៃដល់ចំនួន១១នាក់ផ្សេងទៀត កំពុងត្រូវបានតាមប្រមាញ់ចាប់ខ្លួន។

លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានប្រាប់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានបញ្ចាក់ថា ជនសង្ស័យត្រូវបានលោក ថៃ ថេង ជាចៅក្រម និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានសម្រេចចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា»។ ជនសង្ស័យត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ ខេត្តកណ្ដាលរួចហើយ។

បើតាមវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល បានឱ្យដឹងសាច់រឿងថា បន្ទាប់ពីកើតមានករណីក្មេងស្ទាវ ប្រើអំពើហឹង្សាកាប់គ្នា កាលពីយប់ថ្ងៃទី០៩ ខែសីហា កន្លងទៅ បណ្តាលឱ្យជនរងគ្រោះម្នាក់ឈ្មោះ ធា កូតា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស មានទីលំនៅភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល របួសធ្ងន់ និងខូចខាតម៉ូតូចំនួន២គ្រឿង។ កម្លាំងក៏បើកការស្រាវជ្រាវរហូតឃាត់ជនជនសង្ស័យម្នាក់ឈ្មោះ សុខអូន ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកឯបក្ខពួក១១នាក់ទៀត បានកំពុងរត់គេចខ្លួន។

លោកស្នងការរង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា កាលពីម៉ោងប្រមាណ៤រសៀលថ្ងៃកើតហេតុ ពួកគេចំនួន១១នាក់ កំពុងលេងបាល់ទាត់ នៅចំណុចក្រោយសាលាប៊ែលធីព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែក្រុមជនរងគ្រោះ បានជិះម៉ូតូចំនួន០៨គ្រឿង មានគ្នាជាង១០នាក់ បានដេញកាប់ក្រុមរបស់ខ្លួនបណ្ដាលឲ្យខូចខាតម៉ូតូចំនួន០២គ្រឿង។

លោកបន្តថា ក្រោយមកក្រុមរបស់ខ្លួនបានបបួលគ្នាប្រហែល១០នាក់ ជិះម៉តូចំនួន០៧គ្រឿង ដេញតាមរកក្រុមជនរងគ្រោះ ហើយនៅពេលមកដល់ចំណុចរង្វង់មូលតាខ្មៅ ស្រាប់តែក្រុមខ្លួនបានឃើញជនរងគ្រោះ បម្រុងចូលកន្លែងប៉ះកង់ម៉ូតូ ក្រុមខ្លួនក៏បានស្រែកថា ពួកអាហ្នឹងហើយ ក៏ចុះពីលើម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះ និងម៉ូតូតែម្តង ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បាននាំគ្នាជិះគេចខ្លួនតែម្តង ចំណែកជនរងគ្រោះត្រូវ បានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលម្លិះ ស្ថិតនៅខណ្ឌដង្កោ។ ក្រោយសាកសួរជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ និងកំពុងបន្តការស្រាវជ្រាវដើម្បី តាមចាប់ខ្លួនបក្ខពួកចំនួន១១នាក់ ដែលបានកំពុងរត់គេចខ្លួនបន្ថែមទៀត ។

ជនសង្ស័យមានគ្នា១២នាក់ រួមមាន៖

១៖ ឈ្មោះ សុខអូន ណារិទ្ធ អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)
២៖ ឈ្មោះ ពៅ រតនា អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មុខរបរ មុខពិតប្រាកដ (គេចខ្លួន)
៣៖ ឈ្មោះ ឃីម ចាន់សីលា អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មុខរបរ មុខពិតប្រាកដ (គេចខ្លួន)
៤៖ ឈ្មោះ មឿន ប៊ុនហេង អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មុខរបរ មិនប្រាកដ (គេចខ្លួន)
៥៖ ឈ្មោះ អាត រដ្ឋា អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ (គេចខ្លួន)
៦៖ ឈ្មោះ គៀ សំណាង ហៅម៉ៅ អាយុ១៦ឆ្នាំ មុខរបរមានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ (គេចខ្លួន)
៧៖ ឈ្មោះ ឈុន លីដាលីម អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ (គេចខ្លួន) និងបក្ខពួក៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)៕