(ភ្នំពេញ)៖ កន្លងមក មានមតិមួយចំនួនបានលើកឡើងថា សាលារៀននៅក្នុងប្រទេសកម្ពុជា អាចត្រៀមខ្លួនមិនទាន់ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែ បើតាមអ្នកជំនាញវិញ យល់ឃើញថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នៅតាមសាលារៀន បានដើរលឿនជាងការរំពឹង រហូតដល់ជាង ១០ឆ្នាំឯណោះ។

ថ្លែងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក ងន់ ម័រ ស្ថាបនិកក្រុមហ៊ុន ផុស្ការ ឌីជីថល បានឲ្យដឹងថា វិស័យអប់រំ គឺជាវិស័យមួយ ក្នុងចំណោមវិស័យនានា ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែជំងឺរាតត្បាតជាសកលមួយនេះ ក៏បានធ្វើឲ្យសាលារៀននានា ប្រឹងប្រែងរៀបចំខ្លួន ដើម្បីដើរឲ្យទាន់បរិបទជាក់ស្តែងផងដែរ។

«ថ្មីៗនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (គឺប្រព័ន្ធបច្ចេកវិទ្យា) បានដើរលឿន ជាងការរំពឹងរហូតដល់ជាង ១០ឆ្នាំ»។ នេះជាការអះអាងរបស់បញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ ក្នុងវិស័យអប់រំប្រមាណ ១៥ឆ្នាំ និងស្រង់ខ្លឹមសារបន្ថែមពីរដ្ឋមន្ត្រីក្រសួងអប់រំ ដែលធ្លាប់លើកឡើងនៅតាមសិក្ខាសាលាកន្លងមក។

លោក ងន់ ម័រ បានឲ្យដឹងទៀតថា សម្រាប់សាលាមួយចំនួន ដែលស្វែងរកឱកាស និងចាប់ឱកាស ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល ប្រើប្រាស់ក្នុងសាលារបស់ខ្លួន បានក្លាយជាស្ថាប័នអប់រំដ៏ល្អ និងល្បីល្បាញ មានការប្រកួតប្រជែង ទាំងថ្នាក់តំបន់ និងពិភពលោកទៀតផង។

នៅថ្ងៃនេះ សហព័ន្ធសេវាអប់រំនៅកម្ពុជា សហការជាមួយនិងក្រុមហ៊ុន Poscar Digital បានរៀបចំវគ្គបណ្តុះបណ្តាលប្រចាំខែសីហា ស្តីពី «ការលើកកម្ពស់គុណភាពសិក្សាតាមរយៈការពង្រឹងនវានុវត្តន៍ និងសហគ្រិនភាព» នៅក្រុមហ៊ុន Poscar Digital ស្ថិតនៅអគារ 3E:Fii ផ្លូវវិមានអាហារ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាល ធ្វើឡើងដោយវាគ្មិន ២រូប គឺ៖

១៖ លោក ងន់ ម័រ ស្ថាបនិកក្រុមហ៊ុន Poscar Digital
២៖ លោក សេង បូណា ស្ថាបនិក និង អគ្គនាយកសាលាអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា។

ក្នុងគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺ៖

១៖ លើកកម្ពស់គុណតម្លៃបច្ចេកវិទ្យា និងសហគ្រិនភាពក្នុងវិស័យអប់រំ
២៖ យល់ដឹងពីសារៈសំខាន់ និងវិធីសាស្ត្រក្នុងការអនុវត្តបច្ចេកវិទ្យាក្នុងគ្រឹះស្ថានសិក្សា
៣៖ យល់ដឹងពីវិធីសាស្រ្តបញ្រ្ជាបការអប់រំសហគ្រិនភាពក្នុងគ្រឹះស្ថានសិក្សា។

ក្នុងកិច្ចស្វាគមន៍ និងបើកម្មវិធី លោក គង សំនៀង សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំ បានថ្លែងថា ការប្រើសប្រាស់នូវប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ដូចជា ស្កេនមុខចូលសាលា និងចេញពីសាលា តាមដានកិច្ចការផ្ទះសិស្ស មើលព័ត៌មានសិស្ស ឪពុកម្ដាងាយស្រួលតាមកូន ជាពិសេសសម្រួលដល់កាងាររដ្ឋបាល។ លោកក៏បានលើកទឹកចិត្ត ដល់សាលារៀនដែលមិនប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងសាលារៀនបែបឌីជីថល ឲ្យងាកមកប្រើប្រាស់ ព្រោះដើម្បីឲ្យសាលារៀនកាន់តែទំនើប និងសម្រួលកាងារបានលឿនជាងមុន។

ក្នុងបទបង្ហាញ បច្ចេកវិទ្យាសម្រាប់អភិវឌ្ឍគុណភាពអប់រំក្នុងគ្រឹះស្ថានសិក្សា លោក ងន់ ម័រ បានលើកឡើងដែរថា «ក្នុងប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល គឺ សម្រាប់ប្រជាជនកម្ពុជា ដោយសាប្រព័ន្ធត្រូវបង្កើតឡើង ដោយក្រុមបច្ចេកទេសសុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជាង ១៥ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប។ ប្រព័ន្ធគ្រប់គ្រងសាលារៀន “Wiki School” ជាប្រព័ន្ធសាលរៀនដែលមានមុខងារ គ្រប់គ្រងព័ត៌មានសិស្ស គ្រូ និងបុគ្គលិក អប់រំរបស់សាលារៀន»។

លោកបន្តថា សាលារៀនអាចជូនដំណឹងដល់បុគ្គលិកអប់រំ និងអ្នកអាណាព្យាបាលតាមប្រព័ន្ធ Wiki School បានយ៉ាងឆាប់រហ័ស។ អាចឲ្យសាលារៀនបង្កើតកាលវិភាគបានងាយស្រួល ហើយអាចចេញជាកាលវិភាគសម្រាប់សិស្ស និងសម្រាប់គ្រូ ហើយព័ត៌មាននេះអាចមើលតាម Mobile App។ ជាមួយស្មាតកាតរបស់សិស្ស និងបុគ្គលិកអប់រំ សាលារៀនអាចយកវត្តមានជាមួយឧបករណ៍វត្តមានឌីជីថលផងដែរ និងអាចពិនិត្យមើលរបាយការណ៍តាមស្មាតហ្វូនបានឆាប់រហ័ស។

លោកថ្លែងបន្ថែមថា គោលបំណងនៃការបង្កើតប្រព័ន្ធ Wiki School គឺជួយដល់សាលារៀន ឱ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយដោយ Mobile App Wiki School។ ក្រុមហ៊ុន POSCAR បានសហការណ៍រៀបចំប្រព័ន្ធ Wiki School និងឧបករណ៍វត្តមានឌីជីថល នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល សាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារាជធានីភ្នំពេញ និងក្រសួងព័ត៌មាន។

ក្នុងបទបង្ហាញ ការលើលកម្ពស់សហគ្រិនភាពសម្រាប់កុមារនឹងយុវជនក្នុងគ្រឹះស្ថានសិក្សា លោក សេង បូណា ស្ថាបនិក និងអគ្គនិយកសាលាអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា បានឲ្យដឹងថា ចង់បង្កើនសហគ្រិនភាពដល់យុវជន ឬសិស្សកុមារ កត្តាដែលត្រូវមើលគឺ រចនាសម្ព័ន្ធរបស់សាលា សម្រាប់កម្មវិធីសិក្សា ថាតើកម្មវិធីសិក្សាមានអ្នកកាន់ត្រឹមត្រូវឬនៅ។

លោកបន្តថា ក្នុងនាមជាគណៈគ្រប់គ្រងសាលាត្រូវចុះពិនិត្យមើលសិស្ស គុណភាពគ្រូ ជាពិសេស លោកបាន ជំរុញឲ្យគណៈគ្រប់គ្រងសាលារៀន ពង្រឹងសមត្ថភាព លើផ្នែកឌីជីថល ឲ្យខ្ពស់បំផុត ដើម្បីដំណើរការគ្រប់គ្រង់សាលារៀន កាន់តែទំនើរទៅមុខ ងាយស្រួលគ្រប់គ្រងបុគ្កលិក និងទំនាក់ទំនងជាមួយអាណាព្យាបាល៕