(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តអ្នកវិនិយោគថៃ ឱ្យពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រក្រដាស និងជីសរីរាង្គ ដែលផលិតផលមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន។

ការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបជាមួយលោក លោក កសាក់ ឆៃរ៉ាមីសាក់ ប្រធានប្រតិបត្តិក្រុមហ៊ុន CPALL និងក្រុមការងារនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ លោក កសាក់ បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ ដើម្បីស្វែងរកសក្តានុពលវិនិយោគនៅកម្ពុជា។ លោក ក៏បានសុំសុំអនុសាសន៍ណែនាំមួយចំនួនពីសម្តេចតេជោ។

ពាក់ព័ន្ធការវិនិយោគនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យលោក កសាក់ ទាក់ទងពិភាក្សាជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យលោក កសាក់ ឆៃរ៉ាមីសាក់ ពិចារណាវិនិយោគលើការផលិតក្រដាសនៅកម្ពុជា ព្រោះមានតម្រូវការខ្ពស់។ សម្តេចតេជោ ក៏បានណែនាំឱ្យពិចារណាបង្កើតរោងចក្រផលិតជីសរីរាង្គផងដែរ ព្រោះមានអំណោយផលល្អសម្រាប់វិស័យកសិកម្ម ហើយក៏មានទីផ្សារខ្ពស់នៅកម្ពុជាផងដែរ។

ក្រៅតែពិភាក្សាលើការវិនិយោគខាងលើនេះទៅ នៅក្នុងជំនួបសម្តែងការគួរសមនេះ លោក កសាក់ ឆៃរ៉ាមីសាក់ ប្រធានប្រតិបត្តិក្រុមហ៊ុន CPALL បានសម្តែងការអបអរសាទរចំពោះរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ក៏បានបង្ហាញការកត់សម្គាល់ឃើញថា រាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។

នៅក្នុងជំនួបនេះ លោក កសាក់ ឆៃរ៉ាមីសាក់ បានប្រកាសផ្តល់អាហារូបករណ៍ជូនសម្តេចសម្តេចតេជោ សម្រាប់សិស្សនិស្សិតកម្ពុជាចំនួន២០កន្លែង។ ក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង និងថ្នាក់បច្ចេកទេសចំនួន១០កន្លែងទៀត។

ក្រៅពីនេះ លោក កសាក់ ក៏បានជម្រាបសម្តេចតេជោ អំពីការបណ្តុះបណ្តាលកុមារកម្ពុជាប្រមាណជា ៣០នាក់ ឱ្យលេងអុកចិន។ លោក បានបញ្ជាក់ថា អុកចិន ជាល្បែងមួយមានប្រភពចេញមកពីប្រទេសចិនប្រមាណជា ៣ពាន់ឆ្នាំមកហើយ។

សព្វថ្ងៃលោក កសាក់ ជាអ្នកបង្ហាត់បង្រៀនល្បែងអុកចិននេះ។ លោក ក៏បានយកកុមារកម្ពុជាប្រមាណ ៣០នាក់ (អាយុ ១០ឆ្នាំ ទៅ ១២ឆ្នាំ) ទៅរៀនអុកចិននៅក្នុងប្រទេសថៃ ដោយលោកជារាប់រងរាល់ការចំណាយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក កសាក់ សម្រាប់ការផ្តល់អាហារូបករណ៍ជូនសម្តេច ក៏ដូចជាការជួយបង្រៀនអុកចិន ជូនកុមារកម្ពុជា។ សម្តេចតេជោ បានណែនាំឱ្យលោក កសាក់ បន្តធ្វើការងារជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធការផ្តល់អាហារូបករណ៍ និងការបង្ហាត់បង្រៀនការលេងអុកចិននេះ៕