(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងគោរពព្រះអដ្ឋិ ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាមផ្ទាល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានយាងចូលទីវង្គត ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក។

ព្រះអដ្ឋិ ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ បាននិងកំពុងតម្កល់ធ្វើបុណ្យទៅតាមគន្លងប្រពៃណីដ៏រុងរឿងរបស់ជាតិ នៅសាលាធម្មសភានៃវត្តបទុមវតីរាជវរារាមនៃគណៈមហានិកាយ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕