(ភ្នំពេញ)៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនប៉ុន្មានថ្ងៃមកនេះ គឺដើម្បីពង្រឹងបន្ថែមលើកិច្ចសហការរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសចិន នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេច​ពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ នាពេលេះ ដោយសារតែកម្ពុជា-ចិន បានរៀបចំគណៈកម្មការ​ចម្រុះផ្នែកយោធា រវាងប្រទេសទាំងពីរ ដូច្នេះតាមរយៈការរៀបចំបង្កើតឱ្យមានគណៈកម្មការនេះ គឺត្រូវបានរៀបចំឱ្យមានកិច្ចប្រជុំលើកដំបូងនៅប្រទេសចិន។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្ថែមថា កងទ័ពកម្ពុជា-ចិន បានធ្វើកិច្ចការជាមួយគ្នាជាច្រើនមកហើយ តាមរយៈដំណើរទស្សនកិច្ចនេះធ្វើឱ្យថ្នាក់ដឹកនាំកងទ័ពទាំងពីរ បានជួបគ្នាដើម្បីធ្វើដកស្រង់បទពិសោធន៍ និងត្រួតពិនិត្យឡើងវិញ តាមរយៈគណៈកម្មការដែលបានបង្កើតឡើង។

សម្តេចបញ្ជាក់បន្ថែមថា សម្រាប់ក្រសួងការពារជាតិកម្ពុជា បានរៀបចំឱ្យមានអនុគណៈកម្មការចំនួន២ រួមមាន៖ អនុគណៈកម្មការសម្រាប់កិច្ចសហប្រតិបត្តិការយោធា និងអនុគណៈកម្មការកិច្ចសហការប្រតិបត្តិខាងបច្ចេកទេសយោធា។

ទស្សនកិច្ចរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ទៅកាន់ប្រទេសចិន នាពេលនេះ បានធ្វើឲ្យក្រុមអ្នកវិភាគមួយចំនួន រិះគន់ថា ជាការបង្កើនមន្ទិលសង្ស័យកាន់តែខ្លាំងសម្រាប់សហរដ្ឋអាមេរិក ដែលកន្លងទៅបានចោទកម្ពុជា រឿងមូលដ្ឋានកងទ័ពជើងទឹករាម។

ជុំវិញបញ្ហានេះ សម្ដេចពិជ័យសេនា បានលើកឡើងថា «ខ្ញុំមិនទៅវាយតម្លៃ ហើយខ្ញុំមិនចាត់ទុកថា គេឱ្យតម្លៃរបៀបណានោះទេ គឺភារកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងដែនអធិបតេយ្យរបស់ខ្លួន អ្វីដែលត្រូវធ្វើ គឺយើងត្រូវតែធ្វើ អ្វីដែលត្រូវបំពេញត្រូវតែបំពេញ មិនថាកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជាមិត្តទេ គឺយើងមិនសំដៅទៅផ្គើនអ្នកណា ឬក៏ធ្វើឱ្យអ្នកណាអាក់អនស្រពន់ចិត្តទេ យើងក៏ស្វាគមន៍ចំពោះមិត្តភក្តិទាំងឡាយនៅក្នុងតំបន់ ក៏ដូចជាពិភពលោក បើសិនជាមានសមានចិត្តជួយអភិវឌ្ឍន៍ ជួយកសាង ឬជំរុញឱ្យដំណើរការទៅមុខបានជឿនលឿន គឺយើងស្វាគមន៍ទាំងអស់»។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលចាត់ទុកប្រទេសណាមួយជាសត្រូវនោះទេ។ សម្រាប់បញ្ហាសមុទ្ររាម មិនជារឿងថ្មីដែលត្រូវបានមជ្ឈដ្ឋានមួយចំនួនតែងតែលើកមកជជែកនោះទេ។

«ខ្ញុំបាននិយាយច្បាស់ហើយថា នៅក្នុងដែនអធិបតេយ្យរបស់យើង ច្បាស់ណាស់ពេលដែលយើងមានលទ្ធភាព មានគេឯងជួយ យើងត្រូវតែបំពេញដើម្បីអធិបតេយ្យភាពរបស់យើង ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យរបស់យើង ដូច្នេះ យើងមិនចាំបាច់ស្តាប់អ្នកណាថាអញ្ចេះ ថាអញ្ចុះនោះគឺវាហួសពេល ដែលយើងគិតគូរ ហើយមានតែធ្វើដំណើរទៅមុខ ដើម្បីធ្វើទំនើបកម្មសមុទ្ររាម គឺទៅមុខជានិច្ច»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ផងដែរថា នាពេលខាងមុខនេះ កងទ័ពកម្ពុជា និងចិននឹងធ្វើសមយុទ្ធរួមគ្នាឡើងវិញ បន្ទាប់ពីអាកខានមួយរយៈដោយសារបញ្ហាកូវីដ១៩ ដោយការធ្វើនេះនឹងធ្វើឡើងទ្រង់ទ្រាយធំជាងមុនទៅទៀត៕