(ភ្នំពេញ)៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានជំរុញឱ្យអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត បន្តចលនាប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានលឿន និងគ្រប់ៗគ្នា ជាពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ១៩ ហាក់ដូចជាមានការកំរើកឡើងវិញ។

ការជំរុញបែបនេះ របស់លោក ហួត ហៃ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាមួយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោកលើកឡើងថា៖ «ជំងឺកូវីដ១៩ ជាជំងឺរាតត្បាត ដែលមានលក្ខណៈកាចសាហាវ ដោយនៅរាជធានីភ្នំពេញ ជំងឺនេះបានសម្លាប់មនុស្ស និងឆ្លងរាលដាលខ្លាំងផងដែរ។ ប៉ុន្តែដោយសារឥទ្ធិពលនៃការវ៉ាក់សាំងទើបមិនធ្វើឱ្យមនុស្សស្លាប់ច្រើននោះទេ។ ដូច្នេះទេ លោកជំរុញឱ្យអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតធ្វើយ៉ាងបន្តចលនាប្រជាពលរដ្ឋឱ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ១៩ ហាក់ដូចជាមានការកំរើកឡើងវិញ»

នាឱកាសនោះដែរ លោកបានបន្តជំរុញឱ្យអភិបាលខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងឱ្យបានច្បាស់លាស់ ជាមួយនឹងការដាក់ផែនការចាក់វ៉ាក់សាំង ទៅដល់សហគមន៍ក្រីក្រ ដល់វត្តអារាម សាលារៀន និងដល់តាមរោងចក្រផងដែរ។

បើតាមលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ ជំងឺកូវីដ១៩ កំពុងផ្ទុះខ្លាំងប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ ទៅទីតាំងទាំង៤១ ដែលបានរៀបចំ។ តែសម្រាប់ពេលនេះ ការទៅទទួលការចាក់វ៉ាក់សាំងមានការថយចុះ បើទោះបីមានការផ្សព្វផ្សាយ និងរហូតដល់ក្រុមការងារស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ ដល់វត្តអារាម ក៏ដោយដែលកិច្ចការងារនេះត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណាជំរុញឱ្យពួកគាត់ស្ម័ក្រចិត្តទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕