(កែប)៖ រដ្ឋបាលខេត្តកែប សហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៥ ទូទាំងខេត្តកែប សំដៅឈានទៅពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៥ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចស្របតាមគោលការណ៍ណែនាំ និងយល់ដឹងអំពីរបៀបរបបការងារ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នាសាលាខេត្តកែប ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិពិសិដ្ឋ អភិបាលខេត្តកែប និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត គ្រូឧទ្ទេសថ្នាក់ខេត្ត និងគ្រូឧទ្ទេសមកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទែ។

នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកការកែទម្រង់អភិបាលកិច្ចជាកិច្ចការដ៏មានសារៈសំខាន់ប្រកបដោយនិរន្តភាពដោយបាននឹងកំពុងធ្វើទំនើបកម្ម ប្រព័ន្ធអភិបាលកិច្ចដែលមានកម្មវិធីកំណែទម្រង់ជាច្រើនដូចជា៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។

លោកអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តកែប ក៏បានចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីកំណែទម្រង់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅឱ្យប្រជាពលរដ្ឋទូទៅទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ ពីការអភិវឌ្ឍដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយសមធម៌សង្គម និងបរិយាប័ន្ន។

លោកអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទីពីរ (២០២១-២០៣០) ដោយផ្តល់ការយកចិត្តទុកដាក់លើការប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំភាពធន ព្រមទាំងមានសមត្ថភាពសិទ្ធអំណាចមុខងារ និងធនធានកាន់តែសមស្របក្នុងការផ្តល់សេវាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជំរុញដល់សិក្ខាកាម ដែលជាក្រុមប្រឹក្សាទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីជាចំណេះដឹងក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលលើការងារគ្រប់គ្រង់រដ្ឋបាលឃុំ សង្កាត់នេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែសីហា ឆ្នាំ២០២២ ផ្តោតលើមេរៀនសំខាន់ៗ ចំនួន៩ ជំពូក គឺ៖ លទ្ធភាពទទូទៅ, រចនាសម្ព័ន្ធ តួនាទី ភារកិច្ច, ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង, កិច្ចប្រជុំក្រុមប្រឹក្សា, ផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល, ការផ្តល់សេវាសាធារណៈ, កិច្ចការរដ្ឋបាល, ការគ្រប់គ្រងបុគ្គលិក និងការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម៕