(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា កម្ពុជានឹងនៅតែបន្តធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ទៅមុខជានិច្ច ដើម្បីពង្រឹងសមត្ថភាពកងទ័ព លើកិច្ចការការពារអធិបតេយ្យភាពរបស់ខ្លួន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងយ៉ាងដូច្នេះថា៖ «នៅក្នុងដែនអធិបតេយ្យរបស់យើង ច្បាស់ណាស់ពេលដែលយើងមានលទ្ធភាព មានគេឯងជួយ យើងត្រូវតែបំពេញដើម្បីអធិបតេយ្យភាពរបស់យើង ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យរបស់យើង ដូច្នេះ យើងមិនចាំបាច់ស្តាប់ អ្នកណាថាអញ្ចេះថាអញ្ចុះនោះទេ គឺវាហួសពេល ដែលយើងគិតគូរ ហើយមានតែធ្វើដំណើរទៅមុខ ដើម្បីធ្វើទំនើបកម្មសមុទ្ររាម គឺទៅមុខជានិច្ច»។
បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនទៅវាយតម្លៃ និងមិនចាត់ទុកថាគេឱ្យតម្លៃកម្ពុជារបៀបណានោះទេ ប៉ុន្តែ ភារកិច្ចរបស់កម្ពុជា ដើម្បីរៀបចំខឿនការពារដែនអធិបតេយ្យរបស់ខ្លួនយើងត្រូវតែធ្វើ និងត្រូវតែបំពេញកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជាមិត្តនានា ហើយកម្ពុជាប្រកាសក៏ស្វាគមន៍ចំពោះមិត្តភក្តិទាំងឡាយនៅក្នុងតំបន់ ក៏ដូចជាពិភពលោក បើសិនជាមានសមានចិត្តជួយអភិវឌ្ឍ ជួយកសាង ឬជំរុញឱ្យដំណើរការទៅមុខបានជឿនលឿន គឺកម្ពុជាស្វាគមន៍ទាំងអស់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលចាត់ទុកប្រទេសណាមួយជាសត្រូវនោះទេ។ សម្រាប់បញ្ហាមូលដ្ឋានសមុទ្ររាម មិនមែនជារឿងថ្មី ដែលត្រូវបានមជ្ឈដ្ឋានមួយចំនួនតែងតែលើកមកជជែក និងបានចោទប្រកាន់កម្ពុជាជារឿយៗ ដូច្នេះ រាល់ការរិះគន់ វាយប្រហារ និងវិភាគនានា គឺជារឿងធម្មតាទៅហើយ៕