(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ អញ្ជើញចុះ ពិនិត្យការដ្ឋានសាងសង់ ស្ថានីយបូមទឹកបឹងត្របែក និងជួបសំណេះ​សំណាល ជាមួយក្រុមអ្នកបច្ចេកទេស និងកម្មករ កម្មការីនីក្នុងការដ្ឋាន ដែលមានទីតាំង នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ឯម សុភា មេក្រុមបច្ចេកទេស និងជាប្រធានការដ្ឋានសាងសង់បានឲ្យដឹងថា សំណង់នេះ ត្រូវបានបើកការដ្ឋាន កាលពីដើមខែមករាឆ្នាំ២០១៦ កន្លងមក ហើយចែកជា២ គម្រោង ដែលគម្រោង​ទី១ មានទ្វារទឹកចំនួន៦ ដែលគ្រោងនឹងបញ្ចប់នាចុងខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។ ចំណែកគម្រោងទី២ មានទ្វារទឹកចំនួន៥ ។ គិតមកត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ នេះ គម្រោង​ទី១សម្រេច​បាន៧០% រួចហើយ៕