(ភ្នំពេញ)៖ គណៈកម្មាជិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសជ្រើសរើសមន្ត្រីសម្រាប់បម្រើការងាររយៈពេលខ្លី នៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ហៅកាត់ថា លធ.ខប ទាំង២៥ សរុបចំនួន ៥២៧នាក់ សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ។

លោក ស៊ិន ដារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការ គ.ជ.ប និងជាប្រធានក្រុមអនុគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ និងខេត្តកំពត បានថ្លែងថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ បានផ្តើមនៅថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ លោក ស៊ិន ដារ៉ា បានបន្តថា ជាគោលការណ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។ ការលើកឡើងបែបនេះ របស់លោក ស៊ិន ដារ៉ា បានធ្វើឡើងក្នុងឱកាសចុះត្រួតពិនិត្យ និងលិត កញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លីសម្រាប់បប្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្ថែមថា ដើម្បីប្រឡងប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព សម្រាប់វិញ្ញាសារប្រឡង និងសម្ភាសន៍ គឺចេញដោយ គ.ជ.ប មានបិទឃ្លុំជិត ដែលផ្ទាល់ជាប្រធាន និងជាសមាជិកក្រុមអនុគណៈកម្មការ រៀបចំ និងត្រួតពិនិត្យការប្រឡងបានទទួលពី គ.ជ.ប តែម្ដង ហើយជាគោលការណ៍ទូទៅការប្រឡងមានសរសេរ -QCM QCM ក្នុងប្រព័ន្ធកុំព្យូទ័រ ធ្វើតេស្តកុំព្យូទ័រ និងសម្ភាសន៍។

យោងតាមសេចក្តីជូនដំណឹង លេខ ០៥៦ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្រាប់សេនាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវការជ្រើសរើសថ្មីជាប់កិច្ចសន្យារពេលថ្មីចំនួន២២រូប សម្រាប់មុខដំណែងដូចខាងក្រោមនេះ៖

ទី១៖ ជំនួយការរដ្ឋបាល និងលេខាធិការ ១រូប
ទី២៖ ជំនួយការគណនយ្យ ១រូប
ទី៣៖ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ១រូប
ទី៤៖ លេខាធិការ ១រូប
និងទី៥៖ គ្រូបង្ហាត់ ១៨រូប៕