(ភ្នំពេញ)៖ ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ក្រៅពីប្រព័ន្ធរដ្ឋដែលបានរាយការណ៍ព័ត៌មាន សម្តេចក៏មានបណ្តាញរាយការណ៍ជាច្រើនទៀត ក្នុងការតាមដានព័ត៌មាន និងបញ្ហាក្នុងសង្គម។

ជាមួយនឹងការតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះថា «ខ្ញុំមានវិធីតាមដានការងាររបស់ខ្ញុំ ក្រៅពីប្រព័ន្ធ របស់រដ្ឋ ដែលរាយការណ៍ ខ្ញុំក៏នៅទទួលបាននូវការផ្តល់មតិ ដោយមធ្យោបាយ នៃប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោយ បាយដ៏ទៃទៀត ដែលខ្ញុំមានក្លាយទៅជា ទម្លាប់ទៅហើយ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា ជាទម្លាប់ដែលសម្តេចបានតាមដានព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្មានថ្ងៃមកនេះ គឺបានរកឃើញមានករណីជាច្រើន ក្នុងក៏ឃើញមាន ផ្ទះអតីតប្រពន្ធទាហាន ដែលបានទៅនៅលើចំណីផ្លូវ ដែលជាកន្លែងត្រូវធ្វើផ្លូវ ហើយបន្ទាប់ពីឃើញព័ត៌មានដូចនេះ ក៏សម្តេចបានបញ្ជូន ទៅអភិបាល រាជធានីភ្នំពេញ និងបានទប់ស្កាត់ទាន់ ពេលវេលា ជាមួយនឹងការផ្តល់ដំណោះស្រាយយ៉ាងសមស្របមួយ បន្ថែមពីនេះសម្តេចក៏បានមើលឃើញនូវបញ្ហាផ្សេងៗ ជាច្រើនទៀត។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដើម្បីឱ្យការទទួលបានព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតកាន់តែលឿនរហ័ស សម្តេចក៏មានទូរសព្ទ ជាមួយនឹងការ ចាប់តាមប្រព័ន្ធតាមផ្កាយរណប ដើម្បីងាយស្រួលប្រើប្រាស់ ព្រោះដើម្បីតាមដានការងារ និងព័ត៌មានផ្សេងៗ សម្តេសមិនអាចអត់អ៊ឺនធ័ណេតបាននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ចំពោះការងារ ទៀតសោត គឺសម្តេចមិនទម្លាប់និយាយគ្នាតាម ទូរសព្ទនោះទេ គឺនិយាយគ្នា តាមប្រព័ន្ធអ៊ីនធឺណិត (Internet) ទាំងអស់ ដើម្បីធានាសុវត្តិភាពក្នុងការងារ និងល្បឿនការងារ ហើយជាទម្លាប់ធម្មតាគឺសម្តេចមើលគ្រប់បញ្ហាទាំងអស់ផងដែរ៕