(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យបុគ្គលម្នាក់ ដែលជាមេខ្លោង នៃចលនានាំប្រជាពលរដ្ឋទន្ទ្រានដីព្រៃ នៅខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយថាខ្លួនជាជនរងគ្រោះនោះ ចូលសារភាពទោសកំហុស ដោយសម្តេចបានអះអាងថា រូបគេនឹងមិនត្រូវបានជាប់ឃុំនោះទេ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ បានអះអាងថា សម្តេចបានឃើញបុគ្គលរូបនោះ បានពាក់អាវគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យសម្តេចជួយ។ ក្រោយពីបានបញ្ជូនករណីនេះ ទៅខេត្តព្រះសីហនុ សម្តេចបានដឹងថា ជននោះក្រុមនេះជាក្រុមដែលទៅកាប់ទន្ទ្រានដីព្រៃរដ្ឋ ហើយជាមេខ្លោង ទើបសម្តេចជំរុញឱ្យជននោះចេញមុខទទួលខុសត្រូវ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ត្រូវតែទទួលខុសត្រូវ អ្នកឯងប្រមូលប្រជាជនទៅកាប់ ទន្ទ្រានដីរបស់រដ្ឋ ប្រជាជន គេឱ្យទៅផ្ទះ ប៉ុន្តែមេខ្លោងនៃចលនាត្រូវតែទទួលខុសត្រូវ អញ្ចឹងបានជាខ្ញុំចង្អុលបង្ហាញទៅ គួច ចំរើន ថាឱ្យតាមរកអ្នកធ្វើសម្ភាស»

សម្តេចបានបន្តថា៖ «សូមឱ្យអ្នកធ្វើសម្ភាស បើបានឃើញហើយ នាំមនុស្សនោះទៅ គេមិនឃុំទេ កុំឆ្ងល់ដឹងដល់នាយករដ្ឋមន្ត្រីគេមិនឃុំទេ ប៉ុន្តែសូមឱ្យអ្នកឯងមានការទទួលខុសត្រូវជាមួយនឹងការដែលអ្នកឯងបានធ្វើកំហុស»។

បើតាមសម្តេចតេជោ ហ៊ុន សែន, អាជ្ញាធរនឹងសម្របសម្រួល ក្នុងការជួយជននេះ មិនឱ្យជាប់ឃុំ ឬលើកលែងការចោទប្រកាន់ជាដើម ប៉ុន្តែននេះ ត្រូវតែចេញមុខសារភាពទោសកំហុសរបស់ខ្លួន៕