(ភ្នំពេញ)៖ អគ្គលេខាធិការដា្ឋន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធការចុះផ្សាយព័ត៌មាន លើករណីបង្ក្រាបគ្រឿងញៀន នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយអះអាងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មិនមែនជាបុគ្គលិក នៅរតនាគារខេត្តកំពង់ឆ្នាំងឡើយ។

ក្នុងសេចក្ដីបំភ្លឺ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានការផ្សព្វផ្សាយព័ត៌មាន ដោយអង្គភាពសារព័ត៌មាន Online ក្នុងស្រុកមួយចំនួន អំពីការបង្ក្រាបគ្រឿងញៀន នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយក្នុងខ្លឹមសារ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ វណ្ណះ បញ្ញាវឌ្ឍន៍ អាយុ ២៦ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការងារ នៅរតនាគារខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានឃើញការចុះផ្សាយអត្ថបទព័ត៌មានខាងលើ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការស្រាវជ្រាវជាបន្ទាន់ និងពិនិត្យយ៉ាងហ្មត់ចត់ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា មិនមានឈ្មោះដូចបុគ្គលខាងលើឡើយ។

ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយខាងលើ និងសូមបញ្ជាក់ថាបុគ្គលឈ្មោះ វណ្ណះ បញ្ញាវឌ្ឍន៍ មិនមែនជាបុគ្គលិក នៃរតនាគារខេត្តកំពង់ឆ្នាំង ដូចដែលព័ត៌មានបានចុះផ្សាយឡើយ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំចំពោះ អត្ថបទព័ត៌មានដែលបានចុះផ្សាយ។

ទន្ទឹមនេះ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមអំពាវនាវដល់បណ្តាអង្គភាពសារព័ត៌មានដែលបានចុះផ្សាយព័ត៌មានខាងលើ សូមធ្វើការចុះផ្សាយកែតម្រូវព័ត៌មានខាងលើឡើងវិញ និងសូមពិនិត្យឲ្យបានហ្មត់ចត់ ចៀសវាងការចុះផ្សាយអត្ថបទព័ត៌មានមិនបានត្រឹមត្រូវ ដែលនាំឲ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណមតិ៕

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺ របស់អគ្គលេខាធិការដា្ឋន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖