(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងក្រុមយុវជនក្រោមឱវាទបានចេញលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំ៣រូប មានលោក ឃ្លាំង ហួត លោក សុខ ពេញវុធ និងលោក ហ៊ុន សុរិទ្ធី ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។

លិខិតអបអរសាទរបានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក-សមាជិកាសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ សហគ្រិន ឧស្សាហករ សិប្បករ ធុរជនទីផ្សារបណ្ដាញ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាក ឆ្មប ទន្តពេទ្យ អ្នកលក់ឱសថ អ្នកអភិវឌ្ឍន៍ដីធ្លី និងសំណង់ អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ អ្នកប្រកបវិជ្ជាជីវៈ សិស្ស និស្សិត និងយុវជនតាមវិស័យតាមផ្នែក បានសម្តែងនូវអំណរសាទរចំពោះថ្នាក់ដឹកនាំទាំង៣រូបខាងលើ ក្នុងឱកាសដែលរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។

លិខិតអបអរសាទរបានបន្តថា ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជាមានការកោតសរសើរចំពោះថ្នាក់ដឹកនាំទាំង៣រូប ដែលបានយកឆន្ទៈមនសិការ បញ្ញាញាណ ពុះពាររាល់ឧបសគ្គគ្រប់បែបយ៉ាង រហូតសម្រេចបានលទ្ធផលដ៏ប្រពៃ ដែលរួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា៕