(ភ្នំពេញ)៖ ក្នុងនាមប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលព្រះរាជាណាចក្រអេស្ប៉ាញ និងប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈការផ្តល់ជំនួយវ៉ាក់សាំង ជាពិសេសវ៉ាក់សាំងសម្រាប់កុមារ និងជំនួយបច្ចេកទេសផ្សេងៗជាបន្តបន្ទាប់។

ការថ្លែងអំណរគុណនេះធ្វើឡើងនាឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារតូចៗចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអេស្ប៉ាញ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ និងជំនួយបច្ចេកទេសទាំងនេះ បានចូលរួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឈានទៅដល់ការស្ដារឡើងវិញនិងលើកស្ទួយការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចតេជោបានបន្ថែមថា ទោះបីជាស្ថានភាពជំងឺកូវីដ១៩បានថមថយ ប៉ុន្តែសកលលោកទាំងមូលក៏នៅបន្តជួបប្រទះបញ្ញាប្រឈមដ៏គួរឱ្យព្រួយបារម្ភច្រើនផ្សេងទៀត ខណៈកម្ពុជាក៏កំពុងខិតខំស្ដារឡើងវិញ និងលើកស្ទួយការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ខ្លួនផងដែរ៕