(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ប្រាប់មន្រ្តីជាន់ខ្ពស់ នៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកថា ប្រទេសកម្ពុជា មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការចូលរួមស្វែងរកសុខសន្តិភាព និងចែករំលែកទៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក និងក្នុងតំបន់។
ការបញ្ជាក់បែបនេះរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងឱកាសលោកទទួលជួបពិភាក្សាការងារជាមួយ លោក Andrew Well-Dang មន្រ្តីជាន់ខ្ពស់ នៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ក្រោមប្រធានបទកេរ្តិ៍ដំណែលសង្រ្គាម សន្តិភាពនិងសន្តិសុខក្នុងតំបន់ និងការកសាងសន្តិភាព ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនអាមេរិក និងកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។
លោក Andrew Well-Dang បានបញ្ជាក់ថា វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ ស្វែងរកសន្តិភាព និងដោះស្រាយបញ្ហាទំនាស់ផ្ទៃក្នុងប្រទេសនីមួយៗនៅលើពិភពលោក និងក្នុងតំបន់។
មន្រ្តីជាន់ខ្ពស់រូបនេះ បានវាយតម្លៃខ្ពស់ចំពោះដំណើរការស្វែងរកសន្តិភាព និងការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃរាប់ទសវត្សន៍នៅកម្ពុជា ហើយបានចាត់ទុកកម្ពុជា ជាប្រទេសមួយដែលមានបទពិសោធន៍ច្រើន និងអាចចែករំលែកទៅបណ្តា ប្រទេសនានា ជុំវិញពិភពលោក និងក្នុងតំបន់ ដែលកំពុងជួបប្រទះ និងធ្លាប់ជួបផលវិបាកដូចកម្ពុជា។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីដំណើរការស្វែងសន្តិភាព និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុុជា ជាស្ថាបនិកសន្តិភាព និងមគ្គុទេ្ទសក៍ឯក ក្នុងការនាំមកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិ ព្រមទាំងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបណ្តាប្រទេសនានា ដែលត្រូវការ និងធ្លាប់រងគ្រោះដូចកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា រយៈពេល៣០ឆ្នាំ នៃដំណើរការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា បានចូលរួមចំណែកជាច្រើនក្នុងការផ្តល់ដីសុវត្ថិភាព កាត់អត្រាគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការងារបោសសម្អាតមីន បានរួមចំណែកដល់កិច្ចគាំពារដល់សន្តិភាពនៅកម្ពុជា ផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា កម្ពុជាបានត្រៀមខ្លួនរួចស្រេច ក្នុងការចូលរួមកសាង និងពង្រឹងនូវសន្តិភាពនៅតាមបណ្តាប្រទេសដែលត្រូវការកម្ពុជា។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ជួយគាំទ្រដល់ជនមានពិការភាព និងអតីតយុទ្ធជន ដែលបានរងគ្រោះដោយសារកាកសំណល់សង្រ្គាម៕