(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍អន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំគ្នាធ្វើលិខិតផ្តិតមេដាយ ផ្ញើទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីថ្លែងអំណរគុណដល់សម្តេចទាំងទ្វេ ដែលបានផ្តល់ប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) និងការលើកលែងសេវាពន្ធប្រថាប់ត្រា ជូនពួកគាត់។

ក្នុងលិខិតរបស់ប្រជាពលរដ្ឋ សហគមន៍អន្លង់គងថ្មី ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ បានលើកឡើងថា កន្លងមកដោយសារតែជីវភាពក្រីក្រ ពុំមានលទ្ធភាពបង់ពន្ធប្រថាប់ត្រា ទើបដំណើរការចេញប័ណ្ណកម្មសិទ្ធិ ដីធ្លីរបស់ពួកគាត់ បានអូសបន្លាយរហូតមក ប៉ុន្តែដោយមើលឃើញ ពីទុក្ខលំបាកបែបនេះ ទើបសម្តេចទាំង២ បានផ្តល់នូវការលើកលែងជាពិសេសមួយ សម្រាប់ពួកគាត់ទាំងអស់គ្នា ក្នុងសហគមន៍អន្លង់គងថ្មីនេះ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា «ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ធំធេងណាស់ សម្រាប់យើងខ្ញុំទាំងអស់គ្នា ព្រោះបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងបញ្ហាទំនាស់ផ្សេងៗដែលកើតចេញ ពីការប្រើប្រាស់ដីធ្លីប្រចាំថ្ងៃ ការសម្រួលដល់ជីវភាពរស់នៅរបស់យើងខ្ញុំ ក្នុងករណីមានការខ្វះខាត និងជាពិសេសបានផ្តល់នូវភាពកក់ក្តៅ ដល់យើងខ្ញុំទាំងអស់គ្នា ឲ្យមានភាពនឹងនរក្នុងចិត្ត ក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ ដោយលែងមានការព្រួយបារម្ភពីបញ្ហាដីធ្លី ផ្ទះសំបែងតទៅទៀត»

ក្រុមប្រជាពលរដ្ឋបានសសេរក្នុងលិខិតថា «យើងខ្ញុំទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋរស់នៅ ក្នុងសហគមន៍អន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ សូមបួងសួងដល់គុណបុណ្យបារមី ដែលថែរក្សាស្វេតឆ្ឆត្រ សូមប្រសិទ្ធប្រោះព្រំនូវ សព្វសាធុការពរបវរ មហាប្រសើរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងចៅៗជាទីស្រឡាញ់ សូមជួបប្រសព្វតែសេចក្តីសុខ ចម្រុងចម្រើន មានប្រាជ្ញាវៀងវៃ កម្លាំងកាយមាំមួន ដើម្បីបន្តដឹកនាំគណបក្សប្រជាជនកម្ពុជា និងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែជឿនលឿនឆ្ពោះទៅមុខថែមទៀត»