(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពកុមារចំនួន២នាក់ ជាបងប្អូនបង្កើត ដែលស្លាប់ដោយសារលង់ទឹកប្រឡាយ នៅភូមិថ្មជល់ ឃុំត្បែងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពកុមារចំនួន ២នាក់ ដែលស្លាប់ដោយសារលង់ទឹកប្រឡាយនេះ, លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី នាំយកនាំយកអំណោយមនុស្សធម៌ចូលបុណ្យ និងសូមចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារផង។

លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងគិតគូខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ដោយឡែក អាណាព្យាបាលនៃសព បានរៀបរាប់ថា ករណីគ្រោះថ្នាក់លង់ទឹកស្លប់នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៣៖០០នាទី នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្ដាលឱ្យស្លាប់កុមារ២នាក់ ជាបងប្អូនបង្កើតនឹងគ្នា រួមមាន៖ កុមារី ជិន សាម៉ុន អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី២ និងកុមារា ជិន សីហា អាយុ ៧ឆ្នាំ រៀនថ្នាក់ទី១
ឪពុកឈ្មោះ ង៉ា ជិន អាយុ ៥០ឆ្នាំ និងម្ដាយឈ្មោះ ជឿន សាមៀន អាយុ៤០ឆ្នាំ រល់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

ជាមួយនេះដែរ សម្ភារចូលរួមបុណ្យមាន៖ មុង២ ភួយ២ សារុង២ ក្រមា២ អង្ករ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកត្រី២យួរ និងថវិកា៤សែនរៀល។ ចំណែកអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី ក៏បានចូលរួមសម្ភារមួយចំនួនរួមមាន៖ អង្ករ១០០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ខ្នើយ១ ទឹកត្រី២យួរ ទឹកស៊ីអ៉ី៤យួរ និងថវិកា១សែនរៀល។ ក្នុងឱកាសនោះក៏មានការចូលរួមពី កងពលធំអន្តរាគមន៍លេខ២ នូវសម្ភារ និងថវិកាមួយចំនួនផងដែរ៕